អាមេរិកបានគំរាមកំហែង កូរ៉េខាងជើងជាច្រើនលើកមកហើយមិនមែនទើបតែពេលនេះឡើយ ការគំរាមកំហែងរបស់អាមេរិកមិនបានធ្វើឲ្យកូរ៉េខាងជើង ខ្លាចនោះឡើយ ផ្ទុយទៅវិញកូរ៉េខាងជើងកាន់តែ មានសកម្មភាពឌឺដងដាក់អាមេរិកទៅទៀត ដូចជាការសាកល្បងមីស៊ីលនិងបរមាណូនាពេលកន្លងមកថ្មីៗ។
តើអាមេរិកហ៊ានប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងដែរឬទេ? ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើង ជាសារសញ្ញាប្រាប់របបដឺកនាំក្រុងព្យុងយ៉ាងថា ប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើន ។ក្រោយមានការហោះហើរយន្តហោះអាមេរិកនៅក្បែរឆ្នេរកូរ៉េខាងជើង ប្រមុខការបរទេសកូរ៉េខាងជើងបានបរិហារលោកដូណាល់ ត្រាំ ថាគំរាមសុខសន្តិភាព និងចោទលោកត្រាំ ថាជាស្តេចភូតកុហក។
សង្គ្រាមពាក្យសំដីរវាងកូរ៉េខាងជើងនិងអាមេរិកធ្វើអោយគេកាន់តែបារម្ភថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរជាថ្មីទៀត ពិសេសម្សិលមិញនេះ ពេលកូរ៉េខាងជើងរងការរញ្ជួយដីកម្រិត៣,៥រ៉ិចទ័រ ក្នុងតំបន់ដែលក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរ កាលពីថ្ងៃ៣កញ្ញា។
រឿងអាមេរិកនិងកូរ៉េខាងជើងផ្គើនសំដីគ្នា មិនងាយបញ្ចប់ទេ។ ពេលនេះ រឹតតែហួសថ្លែងទៅទៀត ដែលអាមេរិកបញ្ជូនយន្តហោះយោធាទៅក្បែរឆ្នេរកូរ៉េខាងជើង។ ដូចដែលប្រមុខការបរទេសរុស្ស៊ីបានលើកឡើង លោកដូណាល់ ត្រាំ និងលោកគឺម ជុងអ៊ុន មិនខុសពីក្មេងមតេយ្យសាលាទេ គឺសុទ្ធតែជើងខ្លាំងរៀងខ្លួន មិនចុះចាញ់គ្នាទេ។ យន្តហោះដែលអាមេរិកបញ្ជូនអោយទៅក្បែរឆ្នេរកូរ៉េខាងជើងថ្ងៃសៅរ៍ម្សិលមិញនេះ មានយន្តហោះទំលាក់គ្រាប់បែក ប្រភេទB-1B ១គ្រឿង និងយន្តហោះប្រដេញ F-15 ១គ្រឿង។ យន្តហោះទាំង២ហោះនៅភាគខាងជើងតំបន់ដែលលែងមានសកម្មភាពយោធា ហោះក្បែរកូរ៉េខាងជើងបំផុតហើយ គិតក្នុងសតវត្សទី២១យើងនេះ។ អាមេរិកអះអាងថា ការហោះហើរនេះគឺដើម្បីផ្ញើសារច្បាស់លាស់មួយទៅកូរ៉េខាងជើង ថាប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើន ក្នុងការប្រឈមនឹងការគំរាមកំហែង។ អាមេរិកបន្ថែមថា ត្រៀមខ្លួនបញ្ចេញសមត្ថភាពយោធា ដើម្បីការពារទឹកដីសហរដ្ឋអាមេរិក និងប្រទេសជាមិត្តនឹងអាមេរិក។
សូមបញ្ជាក់ថា ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានគំរាមកំទេចប្រទេសកូរ៉េខាងជើងទាំងស្រុង ប្រសិនបើកូរ៉េខាងជើងហ៊ានវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្ត។ ការហោះហើរយន្តហោះយោធាម្សិលមិញនេះ ជាការគូសបញ្ជាក់ពាក្យពេចន៍គំរាមរបស់លោកដូណាល់ ត្រាំ នេះឯង។ ក្រោយមានការហោះហើរយន្តហោះអាមេរិក លោករី យ៉ុងហូ ជាប្រមុខការទូតកូរ៉េខាងជើង បានថ្លែងនៅអង្គការសហប្រជាជាតិ ចាត់ទុកលោកត្រាំ ថាជាស្តេចភូតកុហកបោកប្រាស ហើយថា លោកត្រាំ គំរាមសន្តិភាព និងរឹតតែធ្វើអោយកូរ៉េខាងជើងមិនអាចចៀសប្រើកាំជ្រួចទៅលើដែនដីអាមេរិកបានទៅទៀត៕
ដោយ៖ មែវ សាធី