ខេត្តកំពង់ធំ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នាបានរងរបួសធ្ងន់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាកឆ្លាម ពណ៍ស្កគ្មានផ្លាកលេខ បុកបុរស៣នាក់កំពុងជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ1A-9690 របួសបាក់ជើងឆ្វេងទាំង៣នាក់នៅនិងកន្លែងកើតហេតុ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ត្រង់ចំណុចភូមិឥន្ទះកុម៉ា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឆ្លាមគ្មានផ្លាកលេខ បើកបរបញ្ចា្រសទិសគ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុស្រាប់តែលឺសម្លេងប្រាវ ធ្វើអោយមានការផ្ញាក់ផ្អើលដល់ប្រជាពរដ្នក៏នាំគ្នាមកមើលឃើញបុរស៣នាក់រងគ្រោះដេកដួលនៅលើថ្នល់ជាតិលេខ៦២ ព្រះវិហារ កំពង់ធំ ព្រមទាំងម៉ូតូ១គ្រឿងប្រកបទៅដោយឈាមហូរដាប់ថ្នល់ ។
តាមប្រភពបន្ថែមថាជនរងគ្រោះទាំង៣នាក់មានឈ្មោះ វន វល័ក្ខ ជាអ្នកបើកបរម៉ូតូ ភេទប្រុស អាយុ២០ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ព្រំណាត ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ហុក ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង៣ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានបើករថយន្ដគេចខ្លួនយកទៅទុកចោរនៅភូមិចុងព្រៃ រួចហើយរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ចំណែកជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំការស្រាវជ្រាវ ចាប់ជនបង្កមកដោះស្រាយទៅតាមច្បាប់ ៕
ដោយ៖ ប៊ុន រិទ្ធី