ខេត្តតាកែវ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៥:០០នាទី កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀម ចាន់ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពដោយយកកាំបិតអារកសង្សារបស់ខ្លួនបណ្តាលឲ្យស្លាប់ រួចរត់គេចខ្លួនទៅពួកសម្ងំនៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
គួររំឮកផងដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៨ : ៤៤នាទី មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ត តាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អៀម ចាន់ដារ៉ា អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានយកកាំបិតអារកនារីជាសង្សាឈ្មោះ ជីម ផល្លី ហៅ ស្រីខួច អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈពេលដែលកំពុងផឹកស៊ីជាមួយគ្នានៅផ្ទះរបស់ជនសង្ស័យ ហើយក្រោយពេលកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។
ទាក់ទងនឹងករណីនេះ លោកវរសេនីយ៍ត្រី យ៉ង់ វណ្ណធី អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យបុរសដៃដល់ដាច់ចិត្តអារកសម្លាប់សង្សាខ្លួនឯង បណ្តាលមកពីគេស្រវឹងស្រា និងជាបុរសញៀនថ្នាំ ។
លោកអធិការបានបន្តថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញស្រុក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ ហេង សូរិយា