ខេត្តកំពង់ឆ្នាំង៖ មានការអះអាងពីរផ្សេងគ្នា រវាងសមត្ថកិច្ច នឹងក្រុមគ្រួសារ ក្នុងករណី ប្រទះឃើញសាកសពអណ្តែតទឹក ក្រោយពីបុរសរូបនេះបានបាត់ខ្លួនអស់រយៈពេលមួយយប់ មួយថ្ងៃមក ដែលខាងក្រុមគ្រួសារបានសង្ស័យថា សពបុរសនេះគឺមានគេលួចវាយសម្លាប់ ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានទៅតាមជំនាញថា ជាករណីខ្យល់គធ្លាក់ទឹកប្រកាច់ស្លាប់ ។
ហេតុការណ៍ប្រទះឃើញសាកសពនេះ ត្រូវបានឃើញកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ចំណុចកោះរ៉ង ស្ថិតនៅក្នុងភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា សពបុរសដែលលង់ទឹកស្លាប់នេះមានឈ្មោះ ស៊ឹម ចាន់ធឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ រុំ សាគីម អាយុ៣០ឆ្នាំ មានកូនស្រី៤នាក់ រស់នៅក្នុងភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។
ក្នុងពេលដែលសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ស្ត្រី ឈ្មោះរុំ សាគីម ជាប្រពន្ធ បានប្រាប់សសមត្ថកិច្ចថា ប្តីរបស់ខ្លួនបានបាត់កាលពីល្ងាចថ្ងៃទី៦ ខែតុលា បន្ទាប់ពីបានយកត្រីទៅលក់ ហើយបានបាត់ឈឹងតែម្តង ក្រោយពីបាត់ខ្លួនមួយថ្ងៃ រូបគាត់ជាប្រពន្ធ បានទៅប្រាប់បងប្អូនសាច់ញាតិអោយជួយរក តែរកមិនឃើញរហូតដល់ព្រឹកថ្ងៃទី៧ ខែតុលា ទើបប្រទះឃើញសពប្តីរបស់គាត់ ក្រោយពីប្រទះឃើញសពប្តីរបស់គាត់ រូបគាត់ក៍បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីពិនិត្យសាកសព ។
នៅលើសាកសពសមត្ថកិច្ច រកឃើញស្នាមរបួសនិងជាំកន្លែងក ដែលស្នាមនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ដោយសារជនរងគ្រោះប្រកាច់ធ្លាក់ទឹកទៅបុកសម្រាស់ឈើដែលនៅក្នុងទឹក ទើបមានស្នាមជាំ និងរបួសបែបនេះ ហើយសមត្ថកិច្ចបានបញ្ជាក់ចុងក្រោយថា ជាករណីលង់ទឹកស្លាប់ មិនមែនជាករណីឃាតកម្មនោះទេ។
ចំណែកឯក្រុមគ្រួសារនៅតែដាក់ការសង្ស័យថា សាកសពបុរសរងគ្រោះគឺមានគេ លួចវាយសម្លាប់ ដោយយោងទៅលើស្លាកស្នាមរបួស និង ជាំក ដោយសារតែហេតុផលទាំងនេះហើយក្រុមគ្រួសារបានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាស៊ើបអង្កេតករណីនេះឡើងវិញ ដើម្បីអោយអស់ការសង្ស័យ និងផ្តល់យុត្តិធម៍ដល់ក្រុមគ្រួសារគាត់ ។
ខាងក្រុមគ្រួសារបានលើកឡើងថា មូលហេតុដែលបណ្តាលអោយពួកគាត់ទាមទារការស៊ើងអង្កេតនោះ ដោយសារតែមុនកើតហេតុមួយថ្ងៃ សពជនរងគ្រោះមានការគម្រាម កំហែង ក្នុងទំនាស់ពាក្យសំដីមួយរវាងអ្នកនេសាទដូចគ្នា ក្រោយពីសពជនរងគ្រោះបានទារសំណងពីការខូចខាតដាច់មង ដែលក្រុមម្ខាងទៀតបានបើកកាណូតអោយដាច់មងរបស់គាត់ ៕
ដោយ៖ ចន្ថា