ខេត្ដប៉ៃលិន៖ ឧបទ្ទវហេតុមួយបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្ដរាគមន៍ បន្ទាប់ពីបុរស វ័យចំណាស់ម្នាក់បានជិះម៉ូតូទាំងស្រវឹង ក្នុងល្បឿនលឿនប្រឹងជែងម៉ូតូស្រីស្អាត ហើយក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ។
កាលពីវេលា ម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវក្នុង ភូមិអូរច្រាត្បូង សង្កាត់ទួលល្វា ក្រុង ប៉ៃលិន។ បុរសខាងលើត្រូវបានគេស្គាល់ថា ឈ្មោះយឹម សារឿន អាយុ៤៩ឆ្នាំ ជា កម្មកររស់នៅក្នុងភូមិបហ៊ុយ សង្កាត់ បយីខា ក្រុងប៉ៃលិន។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានផឹក ស៊ីស្រវឹងជាមួយមិត្ដភក្ដិ។ លុះពេលផឹក ស្រវឹងបន្ដិចហើយនោះបានលាមិត្ដភក្ដិ របស់ខ្លួនមកផ្ទះវិញ។ បុរសខាងលើបាន ជិះម៉ូតូសង់កូរ៉េគ្មានស្លាកលេខត្រឡប់ មកផ្ទះក្នុងល្បឿនយ៉ាងលឿន។ លុះពេល ដល់ចំណុចកើតហេតុគាត់បានបើកជែង ម៉ូតូនារីម្នាក់ក៏បានជ្រុលចង្កូតខ្លួន ឯង ធ្លាក់ផ្លូវរងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុនិងបាន ទាក់ទងរថយន្ដសង្គ្រោះដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារវិញ ៕
ដោយ៖ ស សារ៉េត