ខេត្តកណ្ដាល៖ លោក អូស្មាន ហាស្សាន់ ដឹកនំាក្រុមគ្រូពេទ្យស្ម័គ្រចិត្ដឥស្លាមថៃ សហការជាមួយក្រុមគ្រូពេទ្យឥស្លាមកម្ពុជា ចុះធ្វើកម្មវិធីខតាន់ ជូនកុមារាក្រីក្រ ដោយឥតគិថ្លៃ (កាត់ស្បែកសម្អាត់លិងកុមារា) ចំនួន១០៨នាក់ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ចំនួន១២៥គ្រួសារ នៅភូមិចាមលើ ស្រុកកោះធំ ខេត្ដកណ្ដាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នំា២០១៥ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងថា៖ អ្វីៗគ្រប់យ៉ាងដែលបងប្អូន កំពុងទទួលបាននាពេលបច្ចុប្បន្ន គឹកើតឡើងដោយសារប្រទេសជាតិ មានសុខសន្តិភាព។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន រាល់ជំនួយសប្បុរសធម៌នានា របស់សប្បុរសជនទាំងជាតិ និងអន្តរជាតិ ត្រូវបានបើកទូលាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ជាការពិណាស់ យើងទាំងអស់គ្នារស់នៅក្រោម ដំបូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខគឺយើងនឹងនៅតែ មានសុខសន្តិភាព និងការអភិវឌ្ឍន៍។ ហើយយើងទាំងអស់គ្នា ត្រូវតែបន្តគាំទ្រដល់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដើម្បីយើងនឹងទទួលបានការអភិវឌ្ឍ រីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យ ។
ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ ក៏សូមថ្លែងអំណរគុណចំពោះសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ដឥស្លាមថៃ ដឹកនំាដោយលោក Mohd. Fahmi Talib ជាប្រធានក្រុមគ្រូពេទ្យ ដែលបានចំណាយទាំងពេលវេលា និងថវិកា ដើម្បីដំណើរការកម្មវិធីនេះឡើង ហើយក៏សង្ឃឹមយ៉ាងមុតមាំថា នឹងនៅតែបន្តសកម្មភាពនេះ នៅថ្ងៃខាងមុខ និងនៅឆ្នំាក្រោយៗ ទៀតផងដែរ ។ ការធ្វើកម្មវិធីសម្អាត់អនាម័យប្រដាប់ ភេទកុមារា រៀងរាល់ឆ្នំាតែងតែមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សប្បុរសធម៌ មកពីប្រទេសអារ៉ាប៊ីសាអូឌីត មកពីប្រទេសម៉ាឡេស៊ី សមាគមសប្បុរសធម៌អាលឺ្លម៉ង់ បានផ្ដល់ការឧបត្ថម្ភ ទំាងសម្ភារៈនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសហគមន៏ខ្មែរឥស្លាមយើងមិនធ្លាប់មានពីមុនមក ។
លោកបន្ដថា៖ កម្មវិធី ខតាន់ កាត់ស្បែកសម្អាត់លិងកុមារា ជាទំនាមទម្លាប់ប្រពៃណីរបស់សាសនាឥស្លាម មានតំាងពីជីដូនជីតា រៀង មក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយគោរព និងប្រតិបត្ដិតាមរហូតមក ។
លោក Mohd. Fahmi Talib ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដឥស្លាមថៃ បានបញ្ជាក់ថា៖ ក្នុងនាមលោក ជាប្រធានសមាគមក្រុមគ្រូពេទ្យឥស្លាមថៃ ដែលបានចុះធ្វើកម្មវិធីខតាន់ ជូនកុមារាក្រីក្រនៅកម្ពុជាចំនួន ១០៨នាក់ ស្ថិតនៅស្រុកកោះធំនេះ ស្ថិតនៅក្នុងស្ថានភាពតិចតួចនៅឡើយទេ មិនបានឆ្លើយតបបានតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាមនៅតាមសហគមន៏ តែក្រោយពីបញ្ចប់បេសកកម្មនេះទៅ លោកនឹងខិតខំស្វះស្វែងរកជំនួយ សប្បុរសធម៌ នៅប្រទេសថៃមកជួយបន្ដបេសកកម្មនេះបន្ដទៀត ដើម្បី ឲ្យឆ្លើយតបតាមតម្រូវការនៃកម្មវិធីខតាន់ ដែលសហគមន៏ខ្មែរឥស្លាមត្រូវការសម្រាប់រយៈពេល១ខែនា ឆ្នំា២០១៥នេះ ៕
ដោយ៖ សំរិត