ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីជាលើកទី៣នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌ។ ទិវានេះត្រូវបានប្រារព្ធឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក ដើម្បីអនុញ្ញាតឲ្យសាធារណជនទូទៅមានឱកាសចូលទស្សនាអគារឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតក្នុងការចូលទស្សនា ។
នៅក្នុងស្ថានទូតបារាំង ភ្ញៀវទាំងអស់អាចចូលទស្សនាអគារស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់លោកស្រីឯកអគ្គរដ្ឋទូត ជាពិសេសឧទ្យានដ៏ធំនិងស្រស់ស្អាត ដែលនៅទីនោះមានរក្សាទុកអតីតទ្វាររបងម្ខាងរបស់ស្ថានទូត។ ប្រវត្តិទ្វារនេះត្រូវបានចងក្រងជាប្រលោមលោកដ៏ល្បីមួយ ដែលថ្មីៗនេះត្រូវបានយកទៅថតជាខ្សែភាពយន្តស្តីពីព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥។
ស្ថានទូតបារាំងប្រចាំកម្ពុជាត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះពីឆ្នាំ១៩៩៣ដល់១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អតួអគារចាស់ៗសង់ក្នុងអំឡុងឆ្នាំ១៩៥០ ទៅជាបណ្តុំអគារថ្មីមួយមានលក្ខណ:ស្អាតសមសួនជាមួយទេសភាពគួរឲ្យចង់គយគន់។
បន្ទាប់ពីជោគជ័យនៃការរៀបចំទិវាបេតិកភណ្ឌពីរលើកកន្លងទៅ អគារស្អាតៗផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅឆ្នាំនេះ ក្នុងនោះមាន ៖ សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងភោជនីយដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញនិងសៀមរាប។ បែបបទនិងម៉ោងពេលទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ ដែលលោកអ្នកអាចចូលមើលបានតាមរយៈទំព័រហ្វេសប៊ុករបស់ទិវាបេតិកភណ្ឌនៅកម្ពុជា https://www.facebook.com/HeritageDayKH ៕ វឌ្ឍនា