ហុងកុង កោះតៃវ៉ាន និងទីបេ ស្ថិតនៅក្នុងប្រទេសចិនដដែល បើទោះបីមានរបបគ្រប់គ្រង ផ្សេងគ្នាពីរដ្ឋាភិបាលក្រុងប៉េកាំងក្តី តែចិននៅតែមានសិទ្ធ ជាប្រទេសគ្រប់គ្រងលើតំបន់ទាំងនោះដដែល មិនអនុញ្ញាត្តិឲ្យធ្វើអ្វី លើសលុប ចង់ផ្តាច់ខ្លួនបានឡើយ។
កន្លងមក លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងប្រកាសថា កងទ័ពចិន នឹងមិនរាថយ មិនចុះញ៉មនឹងអ្នកណាទាំងអស់ ក្នុងការការពារបូរណភាពដែនដី របស់ចិន។ សម្តីប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគេនឹកទៅដល់ជម្លោះអធិបតេយ្យមួយចំនួន ដែលចិនកំពុងមានជាមួយប្រទេសក្បែរខាង ក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ហាកោះតៃវ៉ាន់ និងតំបន់ហុងកុងផងដែរ។
លោកស៊ី ជីនពីង ពោលថា “ប្រទេសចិន ប្រជាជនចិនស្រលាញ់សន្តិភាពណាស់ ក៏ប៉ុន្តែចិន នឹងមិនចុះញ៉ម បណ្តោយឲ្យបូរណភាពដែនដីខ្លួន ត្រូវគេមករំលោភបំពានឡើយ។ កងទ័ពចិន នឹងឈរយ៉ាងអង់អាចក្លាហាន ដើម្បីការពារដែនទឹក និងដែនដីរបស់ចិន”។ លោក ស៊ី ជីនពីង បន្តថា “យើងមិនអនុញ្ញាតឲ្យនរណាម្នាក់ ក្រុមបក្ស ឬចលនានយោបាយណាមួយ មកកាត់ច្រៀកដែនដីចិនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ”។
នៅក្នុងសន្ទរកថានេះ លោកប្រធានាធិបតីចិន មិនបានលើកឡើងឲ្យចំៗ អំពីសំណុំរឿងជម្លោះអធិបតេយ្យណាមួយទេ។ តែគេអាចយល់បានយ៉ាងច្បាស់ ថានេះគឺជាសារ ផ្ញើរទៅដល់ភាគីទាំងអស់ ដែលកំពុងជាប់ជម្លោះ ជាមួយចិន ឬក៏មានចេតនា ចង់បានអធិបតេយ្យភាព ផ្តាច់ខ្លួនពីប៉េកាំង ដូចកោះតៃវ៉ាន ទីបេ និងកោះហុងកុងជាដើម។
តៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថា ជាខេត្តមួយរបស់ខ្លួននោះ ត្រូវបានកងទ័ព និងរដ្ឋាភិបាលប៉េកាំង សម្លឹងសម្លក់ជាប់ជាប្រចាំ មិនឲ្យកោះនេះ ក្លាយជាប្រទេសឯករាជ្យបានទេ។ ដូចគ្នាដែរ តំបន់ស្វ័យ័តហុងកុង ស្ថិតក្នុងបរិបទមួយយ៉ាងតានតឹង ដោយសារក្រុមសកម្មជនប្រជាធិបតេយ្យ បានទាមទារ ឲ្យរដ្ឋាភិបាលប៉េកាំង គោរពសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
ក្រៅពីនេះ លោកស៊ី ជិនពីង ក៏បានសរុបនូវជោគជ័យ នៃយុទ្ធនាការបោសសំអាតអំពើពុករលួយ ក្នុងជួរកងទ័ពចិន ព្រមទាំងការរៀបចំធ្វើទំនើបកម្ម ឲ្យកងទ័ពចិន មានសមត្ថភាពរឹងមាំ។ លោកបានឆ្លៀតបន្ថែមថា ដើម្បីកសាងកងទ័ព ឲ្យរឹងមាំល្អ គឺយើងត្រូវតែធ្វើយ៉ាងណា បញ្ចូលទ្រឹស្តីនយោបាយរបស់បក្ស ទៅក្នុងជួរថ្នាក់ដឹកនាំរបស់កងទ័ព ហើយធានាធ្វើឲ្យបាន ថាកងទ័ព ត្រូវតែដើរឲ្យស្រប និងស្មោះស្ម័គ្រជាមួយគោលនយោបាយរបស់បក្សជានិច្ច។
កាលពីថ្ងៃទី ១ តុលា គឺជាថ្ងៃបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ ឆ្លៀតឱកាសនេះ ប្រជាជនហុងកុង បានជួបជុំគ្នាដង្ហែរក្បួនបាតុកម្ម ដើម្បីបរិហារអំពីនយោបាយផ្តាច់ការ របស់រដ្ឋាភិបាលកុម្មុនីស្តិចិនប៉េកាំង មកលើដែនដីស្វយ័តហុងកុង។ បាតុកម្មនេះ ធ្វើឡើងក៏ដើម្បីប្រឆាំង និងការកាត់ទោសសកម្មជនប្រជាធិបតេយ្យហុងកុង ៣រូប ដែលត្រូវបានតុលាការផ្តាន្ទាទោសជាប់ពន្ធនាគារ កាលពីខែសីហាកន្លងទៅ។
ដើម្បីអបអរបុណ្យជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃអាទិត្យ លោកស្រី ការី ឡាំ ដែលទើបតែក្លាយជាប្រមុខរដ្ឋាភិបាលដែនដីហុងកុង កាលពីខែកក្កដា បានថ្លែងសន្ទរកថាអំពាវនាវ ឲ្យប្រជាជនហុងកុង ត្រូវរួបរួមគ្នា ក្រោមដំបូលរដ្ឋាភិបាលចិនតែមួយ ដើម្បីកសាងអភិវឌ្ឍន៍ ឲ្យហុងកុងកាន់តែរឹងមាំ អស្ចារ្យ តទៅទៀត។
ទន្ទឹមគ្នានេះ នៅរសៀលថ្ងៃដដែល មានក្បួនបាតុកម្មដ៏ធំ បានរៀបចំឡើងដោយយុវជនហុងកុង ដើម្បីបរិហារអំពីអំណាចផ្តាច់ការរបស់រដ្ឋាភិបាលចិនប៉េកាំងនេះតែម្តង។ កំរាស់នៃសិទ្ធិសេរីភាព របស់ប្រជាជនហុងកុង កាន់តែរិចរិល ស្តើងទៅៗ ដោយសារគោលនយោបាយកាន់តែផ្តាច់ការ របស់រដ្ឋាភិបាលចិនកុម្មនីស្តិប៉េកាំង។ នេះគឺជាការស្រែកតវ៉ា របស់សកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានមកជួបជុំគ្នា ប្រមាណជា៥ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ១ តុលា។
ក្រុមបាតុករហុងកុង ហៅការជួបជុំនេះថា ជាការរួបរួមគ្នា ប្រឆាំងនឹងរបបដឹកនាំផ្តាច់ការ។ បាតុករម្នាក់ បានប្រាប់អ្នកយកព័ត៌មានបារាំងថា របបផ្តាច់ការ មានពិតជាក់ស្តែងហើយក្នុងសង្គមហុងកុង ដែលនេះគឺជាចេតនារបស់បក្សកុម្មុយនីស្តិចិន។ លោក Benny Tai បាតុករម្នាក់ ដែលជាសាស្ត្រាចារ្យច្បាប់ បានលើកឡើងថា កម្មវត្ថុនៃបាតុកម្មនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីរបស់ប្រជាជនហុងកុងទូទៅ ឲ្យភ្លឺភ្នែក យល់អំពីការពិតជាក់ស្តែង ដែលកើតមានឡើង ក្នុងសង្គមហុងកុង។
និស្សិត វ័យ២១ឆ្នាំម្នាក់ បានថ្លែងថា កណ្តាប់ដៃដែករបស់បក្សកុម្មនីស្តិប៉េកាំង ដែលប្រើមកបំបិតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង កាន់តែខ្លាំងទៅៗ គឺនឹងរុញទឹកចិត្តប្រជាជនហុងកុង ឲ្យកាន់តែពុះកញ្ជ្រោលតវ៉ា។ តែយ៉ាងណា ស្ត្រីវ័យ ៦៤ឆ្នាំ ដែលមកចូលរួមបាតុកម្មដែរ បាននិយាយថា គាត់គ្មានសង្ឃឹមថា ក្មេងៗសិស្សនិស្សិតទាំងនេះ អាចមានអ្វី យកទៅតទល់ជាមួយ បក្សកុម្មុយនីស្តិដ៏ធំមហិមា នោះបានទេ។ តែបើទោះជាគ្មានសង្ឃឹម ក៏គាត់មកចូលរួមបាតុកម្ម ដើម្បីសម្តែងមតិ និងសាមគ្គីជាមួយយុវជនក្មេងៗ ដែរ។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៤ ចលនាបាតុកម្មរបស់យុវជនប្រជាធិបតេយ្យហុងកុង អស់រយៈពេលដល់ទៅ១១សប្តាហ៍ បានធ្វើឲ្យល្បីរន្ទឺ ដល់មតិសាធារណអន្តរជាតិ។ សកម្មជនហុងកុង ៣រូប ត្រូវបានតុលាការហុងកុង សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កាលពីខែសីហាកន្លងទៅ។ ថ្វីបើ មេដឹកនាំចលនានេះ កំពុងស្ថិតក្នុងឃុំ តែយុវជនហុងកុង នៅតែបន្តធ្វើបាតុកម្មជារឿយៗ ដើម្បីទាមទារ ឲ្យក្រុងប៉េកាំង គោរពសិទ្ធិស្វយ័ត របស់ដែនដីហុងកុង មានជាអាថទិ៍ គឺសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុង ដោយសេរី តាមបែបប្រជាធិបតេយ្យពេញលេញ៕
ដោយ៖ មែវ សាធី