កាលពីថ្ងៃទី២ខែតុលា ប្រធានាធិបតីអាមេរិកដូណាលត្រាំបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃនៅសេតវិមាន ដោយអាមេរិកបង្ហាញ ពីបំណងចង់ កែទម្រង់ទំនាក់ទំនងពាណិជ្ជកម្មរវាងថៃនិងអាមេរិក។
មានប្រសាសន៍ទៅកាន់ គណប្រតិភូរដ្ឋាភិបាលថៃលោកត្រាំបញ្ជាក់ថា«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកាន់តែសំខាន់ ហើយថៃជាដៃគូរដ៏អស្ចារ្យ »ការបំពេញទស្សនកិច្ចទៅកាន់អាមេរិក របស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងតាមការ អញ្ជើញរបស់ប្រធានាធិបតីត្រាំកាលពីខែមេសាកន្លងមក។
នៅក្នុងដំណើរទស្សនកិច្ចធ្វើឡើង ក្រោយរយៈពេល៣ឆ្នាំដែល លោកប្រាយុទ្ធចាន់អូចា បានឡើងកាន់តំណែងដឹកនាំប្រទេសក្រោយការធ្វើរដ្ឋ ប្រហារទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា។ នៅពេលនេះដែរ តុលាការកំពូលថៃបានកាត់ទោសលោកស្រីយីងឡាក់ជាប់ព័ន្ធនាគា ៥ឆ្នាំពាក់ព័ន្ធ និងកម្មវិធីជំនួយតម្លៃស្រូវ អង្ករ។
ក្រុមអ្នកវិភាគលើកឡើងថា នេះជារឿងដ៏កម្រ នៅពេលដែល មេដឹកនាំយោធា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។ កន្លងមកអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសថៃ។ ក្រោយការធ្វើរដ្ឋប្រហារ អាមេរិកក៏បានផ្អាកផ្តល់ជំនួយ និងហ្វឹកហាត់យោធារួមជាមួយថៃ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងបាងកកបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយថៃបានបង្វែរ ទៅទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយចិនវិញ។
ដោយសារតែខ្លាចត្រូវបាត់បង់ ប្រទេសដែលជាសម្ព័ន្ធមិត្ត ទើបប្រធានាធិបតីអាមេរិក ខិតខំ ការពារថៃ ។លោកត្រាំបាន ប្រកាសនៅក្នុងជំនួប ជាមួយលោកប្រាយុទ្ធចាន់អូចារ្យថា បើថៃចង់បានអ្វីអាមេរិក និងលក់ឲ្យ។ ការប្រកាសបែបនេះមិនខុសអ្វីពីការ អំពាវនាវឲ្យថៃ កុំអោយទិញអាវុធ ពីចិន មកទិញអាមេរិក វិញ អាមេរិកនិងលក់ឲ្យតាមតម្រូវការរបស់ថៃ។
រយៈចុងក្រោយនេះថៃត្រូវបានគេមើលឃើញថា កំពុងតែឃ្លាតឆ្ងាយពីអាមេរិក បន្តិចម្តងៗ ងាកទៅរកចិនវិញ។ កន្លងមកថ្មីៗថៃបានចុះកិច្ចព្រមប្រៀងជាមួយចិនទិញនាវាមុជទឹក ជាច្រើនគ្រឿង ទៀតផង៕
ដោយ៖ មែវ សាធី