ម៉ាដូណា រងការរិះគន់ខ្លាំងរឿងបោះចោលសំរាម និងប្រើប្រាស់ពាក្យមិនសមរម្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងនិងកំប្លែង លោក ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើការរិះគន់ខ្លាំង បន្ទាប់ពីលេចធ្លាយចេញវីដេអូនៃការបោះចោលសម្រាមក្នុងរម្មណីយដ្ឋានមួយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្ភទៅកាន់អ្នកលួចថតសកម្មភាពលោកនិងមិត្តភ័ក្កិនោះ។
​កាលពីយប់ថ្ងៃទី២ខែតុលានេះ ស្រាប់តែលេចចេញវីដេអូខ្លីមួយដែលបានបង្ហាញពី​ភាព​ខ្វះ​ទំនួល​ខុស​ត្រូវ​របស់​តារា​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ម៉ាដូណា និង​មិត្ត​ភក្ដិ​របស់​ខ្លួន ដែល​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​រមនីយ​ដ្ឋាន​ហើយ​បាន​ចោល​នៅ​​សម្រាមនៅ​កន្លែង​ដែល​ខ្លួន​អង្គុយ និង​​ចូល​ក្នុង​ទឹក ដោយ​ហាក់​មិន​ខ្វល់​ពី​បរិស្ថាន​អី​បន្តិច បែរ​ជា​ខ្វល់និង​រករឿង​អ្នក​ថត​វិញ។​ យោង​តាម​វីដេអូដែល​បាន​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេស​ប៊ុក​ឈ្មោះ ​ភ័ណ សុខរ៉ា បានបង្ហាញ​ថា ម៉ាដូណា និង​មិត្ត​ភក្ដិ​ពី​នាក់​ទៀត (មិន​ស្គាល់​ឈ្មោះ) បាន​អង្គុយ​កម្សាន្តនិង​បរិភោគ​ចំណី​អាហារ​​នៅ​រមនីដ្ឋាន​មួយ ហើយ​ត្រូវ​យុវជន​ម្នាក់​ប្រទះ​ឃើញ រួច​ក៏យក​ទូរសព្ទ​ថត តែ​ត្រូវ​សាមី​ខ្លួន​បាន​ដឹង ក៏​សុំ​ទូរសព្ទ​មើល បំណង​ចង់សុំ​​លុប​វីដេអូ​នោះ​ចោល តែ​ត្រូវ​ម្ចាស់​ទូរសព្ទ​បដិសេធ ក៏​បង្ក​ឲ្យ​មាន​ការដណ្ដើម​ទូរសព្ទ​នោះ ហើយ​ធ្លាក់​បែក​អេក្រង់​ទៀត​ផង។ តាម​រយៈ​វីដេអូ​បាន​ឲ្យ​ដឹង​ទៀត​ថា សិល្បករ​រូប​នេះ​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​កេរ្ត៍​ឈ្មោះ ខ្លាចគេ​យក​​រូបភាព​ឬ​វីដេអូ​របស់​ខ្លួន​ទៅ​ត្រូល ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ដែល​ខ្លួន​កសាង​មក​ដោយលំបាក តែ​បែរ​ជា​មិន​ចាប់​អារម្មណ៍​ថា​ខ្លួន​បាន​ចោល​សម្រាម​តែ​ពាស ដែល​ជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ។
មានការរិះគន់ជាច្រើនបានលើកឡើងថាក្នុង​នាម​ខ្លួន​ជា​អ្នក​សិល្បៈ​គួរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដទៃ និង​មាន​ចិត្ត​ស្លូត​បូត​ផង ព្រោះ​ជា​មនុស្ស​សាធារណៈ​ដែល​មាន​អ្នក​ផង​ចាប់​អារម្មណ៍​ច្រើន។ ផ្ទុយ​ទៅ​វិញ​សិល្បករ​រូប​នេះ​បាន​ប្រើ​ពាក្យ​មិន​ពីរោះ​ពិសា ដាក់​យុវជន​ដែល​បាន​ថត​វីដេអូ​នោះ ថែម​ទាំង​បោះ​ពាក្យ​ឲ្យ​យុវជន​នោះ​ទៅ​ប្ដឹង​ទៀត​ផង​ការណ៍​ដែល​ទូរសព្ទ​ត្រូវ​ធ្លាក់​បែក​ដោយ​ការ​ដណ្ដើម​គ្នា។​ ក្នុង​ករណី​នេះ​​ដែរ អ្នក​លេង​ហ្វេស​ប៊ុក​ជា​ច្រើនបាន​រិះគន់​លោក ម៉ា ដូណា ដែល​ធ្វើ​ទង្វើ​បែប​នេះ​ក្នុង​នាម​ជា​សិល្បករ ក្នុង​នោះ​លោក ហេង ឡុង សមាជិក​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​រិះគន់ ម៉ា ដូណា ដែរ។ លោក ហេង ឡុង បាន​សរសេរ​សារ​ខ្លីលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ដដែល​ថា «ម៉ា ដូណា ក្នុង​នាម​ជា​សិល្បករ​មិន​គួរ​មាន​ចរិត​អន់​បែប​នេះ​ទេ»។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង រូបនេះបាននៅឡើយទេព្រោះតែលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណាមានការលើកឡើងពីសិល្បករថាវីដេអូខាងលើកនេះអាចជាការរៀបចំដើម្បីក្រើនរំលឹកដល់ប្រជាពរដ្ឋប៉ុណ្ណោះ ខណៈកន្លងមកលោកធ្លាប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងទាក់ទងវីដេអូគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយ។ ប៉ុន្តែប្រសិនបើរឿងនេះជារឿងពិតមហាជនស្នើឲ្យលោកចេញមុខបកស្រាយ និងធ្វើការសុំទោសជាសាធារណៈ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print