ភ្នំពេញ៖ តារាសម្តែងនិងកំប្លែង លោក ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើការរិះគន់ខ្លាំង បន្ទាប់ពីលេចធ្លាយចេញវីដេអូនៃការបោះចោលសម្រាមក្នុងរម្មណីយដ្ឋានមួយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្ភទៅកាន់អ្នកលួចថតសកម្មភាពលោកនិងមិត្តភ័ក្កិនោះ។
កាលពីយប់ថ្ងៃទី២ខែតុលានេះ ស្រាប់តែលេចចេញវីដេអូខ្លីមួយដែលបានបង្ហាញពីភាពខ្វះទំនួលខុសត្រូវរបស់តារាម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ ម៉ាដូណា និងមិត្តភក្ដិរបស់ខ្លួន ដែលបាននាំគ្នាទៅកម្សាន្តនៅរមនីយដ្ឋានហើយបានចោលនៅសម្រាមនៅកន្លែងដែលខ្លួនអង្គុយ និងចូលក្នុងទឹក ដោយហាក់មិនខ្វល់ពីបរិស្ថានអីបន្តិច បែរជាខ្វល់និងរករឿងអ្នកថតវិញ។ យោងតាមវីដេអូដែលបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភ័ណ សុខរ៉ា បានបង្ហាញថា ម៉ាដូណា និងមិត្តភក្ដិពីនាក់ទៀត (មិនស្គាល់ឈ្មោះ) បានអង្គុយកម្សាន្តនិងបរិភោគចំណីអាហារនៅរមនីដ្ឋានមួយ ហើយត្រូវយុវជនម្នាក់ប្រទះឃើញ រួចក៏យកទូរសព្ទថត តែត្រូវសាមីខ្លួនបានដឹង ក៏សុំទូរសព្ទមើល បំណងចង់សុំលុបវីដេអូនោះចោល តែត្រូវម្ចាស់ទូរសព្ទបដិសេធ ក៏បង្កឲ្យមានការដណ្ដើមទូរសព្ទនោះ ហើយធ្លាក់បែកអេក្រង់ទៀតផង។ តាមរយៈវីដេអូបានឲ្យដឹងទៀតថា សិល្បកររូបនេះបានចាប់អារម្មណ៍ខ្លាំងលើកេរ្ត៍ឈ្មោះ ខ្លាចគេយករូបភាពឬវីដេអូរបស់ខ្លួនទៅត្រូល ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដែលខ្លួនកសាងមកដោយលំបាក តែបែរជាមិនចាប់អារម្មណ៍ថាខ្លួនបានចោលសម្រាមតែពាស ដែលជាគំរូអាក្រក់ដល់អ្នកដទៃ។
មានការរិះគន់ជាច្រើនបានលើកឡើងថាក្នុងនាមខ្លួនជាអ្នកសិល្បៈគួរធ្វើជាគំរូល្អដល់អ្នកដទៃ និងមានចិត្តស្លូតបូតផង ព្រោះជាមនុស្សសាធារណៈដែលមានអ្នកផងចាប់អារម្មណ៍ច្រើន។ ផ្ទុយទៅវិញសិល្បកររូបនេះបានប្រើពាក្យមិនពីរោះពិសា ដាក់យុវជនដែលបានថតវីដេអូនោះ ថែមទាំងបោះពាក្យឲ្យយុវជននោះទៅប្ដឹងទៀតផងការណ៍ដែលទូរសព្ទត្រូវធ្លាក់បែកដោយការដណ្ដើមគ្នា។ ក្នុងករណីនេះដែរ អ្នកលេងហ្វេសប៊ុកជាច្រើនបានរិះគន់លោក ម៉ា ដូណា ដែលធ្វើទង្វើបែបនេះក្នុងនាមជាសិល្បករ ក្នុងនោះលោក ហេង ឡុង សមាជិកសមាគមសិល្បករខ្មែរ ក៏បានរិះគន់ ម៉ា ដូណា ដែរ។ លោក ហេង ឡុង បានសរសេរសារខ្លីលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃដដែលថា «ម៉ា ដូណា ក្នុងនាមជាសិល្បករមិនគួរមានចរិតអន់បែបនេះទេ»។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង រូបនេះបាននៅឡើយទេព្រោះតែលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណាមានការលើកឡើងពីសិល្បករថាវីដេអូខាងលើកនេះអាចជាការរៀបចំដើម្បីក្រើនរំលឹកដល់ប្រជាពរដ្ឋប៉ុណ្ណោះ ខណៈកន្លងមកលោកធ្លាប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងទាក់ទងវីដេអូគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយ។ ប៉ុន្តែប្រសិនបើរឿងនេះជារឿងពិតមហាជនស្នើឲ្យលោកចេញមុខបកស្រាយ និងធ្វើការសុំទោសជាសាធារណៈ៕
ដោយ៖ វឌ្ឍនា