ការបាញ់ប្រហារនៅរដ្ឋឡាស់វីហ្គាស បណ្តាលឲ្យមនុស្ស៥៩នាក់ស្លាប់ និងជាង៥០០នាក់រងរបួស កាលពីថ្ងៃទី២ខែតុលា។ ដើម្បីជួយដល់ជនរងគ្រោះ ពលរដ្ឋអាមេរិកជាច្រើន បានតម្រង់ជួរគ្នាទៅបរិច្ចាគឈាម។
ពាក់ព័ន្ធនិងការបាញ់ប្រហារប៉ូលិស បានបញ្ជាក់ថា៖ ជនដៃដល់ បានធ្វើអត្តឃាត មុនពេលប៉ូលិសចូលទៅដល់ នៅក្នុងបន្ទប់ស្នាក់នៅ និងបាញ់ប្រហារទៅលើហ្វូងមនុស្សកំពុងតែសប្បាយ និងការប្រគុំតន្ត្រីកណ្តាលវាល។
សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគេបានឭស្នូកាំភ្លើងពីលើអាកាស ដូចជាកាំភ្លើងយន្ត ។ ប៉ូលិសបានឲ្យដឹងថា ជនដៃដល់បានបាញ់ប្រហារ ពីលើធ្វើឲ្យ ជនរងគ្រោះពិបាកក្នុងការស្វែងរកកន្លែងលាក់ខ្លួន។
ខ្មាន់កាំភ្លើងដែលបានធ្វើការបាញ់ ប្រហារចេញពីបន្ទប់សណ្ឋាគារ ជាន់ទី៣២ សំដៅទៅកន្លែងប្រគុំតន្រ្តីនៅ ខាងក្រៅ រមណីយដ្ឋាន និងកាស៊ីណូ Las Vegas បណ្តាលឲ្យមនុស្សស្លាប់ ៥៩នាក់ និងរបួស ៥២៧នាក់នោះ គឺមានកាំភ្លើងចំនួន ៤២ដើម។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ប៉ូលីសបានរកឃើញកាំភ្លើងចំនួន ២៣ដើម នៅក្នុងបន្ទប់របស់ ខ្មាន់កាំភ្លើងឈ្មោះ Stephen Paddock នៅក្នុងសណ្ឋាគារ Las Vegas និង ១៩ដើមផ្សេងទៀត នៅក្នុងបន្ទប់ក្នុងផ្ទះ របស់ជនល្មើស នៅទីក្រុង Clark County រដ្ឋ Nevada។
សូមជម្រាបផងដែរថា នាយកដ្ឋានប៉ូលីសប្រចាំតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៩នាក់បានស្លាប់ និង ៥២៧នាក់ទៀតរបួស នៅក្នុងការបាញ់ ប្រហារមួយ នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada ពោលគឺកើតឡើង នៅខាងក្រៅរមណីយដ្ឋាន និងកាស៊ីណូ Mandalay Bay តែម្តង៕
ដោយ៖ មែវ សាធី