ស្ថាបនិក​កម្មវិធី​វិភាគទាន​ច្បាប់​ ទទួល​ការ​សរសើរ​និង​គាំទ្រ​ពេញ​ទំហឹង​ពី​ប្រធាន​គណៈមេធាវី​​

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ថាបនិក​កម្មវិធី​វិភាគទាន​ច្បាប់​ លោក​ស្រី​មេធាវី​ ទេព​ បូផល​ បានទទួល​ការ​សរសើរ​ ការ​លើក​ទឹកចិត្ត​ និង​ គាំ​ទ្រ​ពេញ​ទំហឹង​ ពី​ប្រធាន​គណៈ​មេធាវី​ ជុំវិញ​ការ​បង្កើត​កម្មវិធី​វិភាគទាន​ច្បាប់​ ដែល​ជា​ឆន្ទះ​បណ្តុះបណ្តាល​ច្បាប់​ដល់​មហាជន​ ដោយ​ពុំ​ទទួល​បាន​កម្រៃ​ ។​

ប្រធាន​គណៈ​មេធាវី​ ចង់​ឃើញ​មេធាវី​ដទៃទៀត​ មាន​ឆន្ទះ​ដូច​លោក​ស្រី​មេធាវី​ ទេព​ បូផល​ ដែរ​ ។

 

ស្ថាបនិក​កម្មវិធី​វិភាគទាន​ច្បាប់​រូប​នេះ​​ ប្តេជ្ញា​បន្ត​សកម្មភាព​នេះ​ ទៀត​ ដើម្បី​ចូលរួម​ចំណែក​លើ​វិស័យ​យុត្តិធម៌​ ស្រប​តាម​គោល​នយោបាយ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

លោក​សួន​ វិសាល​ ប្រធាន​គណៈ​មេធាវី​ បានលើក​សរសើរ​បែប​នេះ​នៅ​ក្នុង​កម្មវីធី​ចុះ​កិច្ច​ព្រមព្រៀង​រវាង​គណៈមេធាវី​និង​កម្មវិធី​វិភាគទាន​ច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែ​តុលា​ នៅ​សណ្ឋាគារ​សាន់វេ​ ។​

លោក​ស្រី​មេធាវី​ ទេព​ បូផល​ ថ្លែង​ថា​ កម្មវិធី​វិភាគទាន​ច្បាប់​ នេះ​ ត្រូវបាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​​២៨​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្នុង​គោលបំណង​ចែករំលែក​និង​ផ្សព្វផ្សាយ​ក្រម​រដ្ឋប្បវេណី​និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ បង្កើន​ចំណេះ​ដឹង​ដល់​និស្សិត​និង​អ្នក​ច្បាប់​ ។

មូល​ហេតុ​នៃ​ការ​បង្កើត​កម្មវិធី​វិភាគទាន​ច្បាប់​នេះ​ ត្រូវបាន​លោក​ស្រី​ទេព​ បូផល​ អះអាងថា​ ដោយ​សារ​តែ​ក្នុង​ចំណោម​អ្នក​ច្បាប់​កម្ពុជា​ យល់​ថា​ ក្រម​រដ្ឋប្បវេណី​ គឺ​ ជា​ក្រម​មួយ​មាន​ភាព​ស្មុគស្មាញ​ ពិបាក​យល់​ ហើយ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ពី​ក្រម​រដ្ឋប្បវេណី​ចាស់​ ។​

ក្រម​រដ្ឋប្បវេណី​ និង​ ក្រម​នីតិវិធី​រដ្ឋប្បវេណី​ ត្រូវបាន​កម្មវិធី​វិភាគទាន​ច្បាប់​ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រហូត​ដល់​ប្រមាណ​២០លើក​តាម​រយៈ​សិក្ខាសាលា​ ដែល​សុទ្ធសឹង​ជា​ប្រធានបទ​សំខាន់​ៗ។​ មិន​តែ​ប៉ុណ្ណោះ​ កម្មវិធី​នេះ​ ក៏​មាន​ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ផងដែរ​ “វិភាគទាន​ច្បាប់​ Contribution of law “​ ។

លោក​ស្រី​បន្ត​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​ឡាយ​ដែល​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​វិភាគទាន​ច្បាប់​ ជា​ពិសេស​ថ្លែង​ទាំង​រំជួល​ចិត្ត​ស្រក់​ទឹកភ្នែក​អរគុណ​ដល់​ស្វាមី​របស់​លោក​ស្រី​ គឺ​ លោក​មេធាវី​ អ៊ីវ​ ប៉ូលី​ សមាជិក​ក្រុម​ប្រឹក្សា​មេធាវី​ ដែល​តែងតែ​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​សកម្មភាព​នៃ​កម្មវិធី​វិភាគទាន​ច្បាប់​ នេះ​ ។

លោក​សួន​ វិសាល​ ប្រធាន​គណៈ​មេធាវី​ ថ្លែង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​លោក​ស្រី​មេធាវី​ ទេព​ បូផល​ មាន​ឆន្ទះ​មោះមុត​ក្នុង​ការ​បង្កើត​កម្មវិធី​វិភាគទាន​ច្បាប់​ នេះ​ ដោយ​ពុំ​មាន​គោលបំណង​ស្វែង​រក​កម្រៃ​ ។

ប្រធាន​គណៈ​មេធាវី​ ប្រកាស​លើក​សរសើរ​ លើក​ទឹកចិត្ត​ និង​ គាំ​ទ្រ​ពេញ​ទំហឹង​ ចំពោះ​សកម្មភាព​នៃ​កម្មវិធី​វិភាគទាន​ច្បាប់​ ដែល​មាន​គោលដៅ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មហាជន​ ។​

លោក​សង្កត់​ធ្ងន់​ថា​ “ខ្ញុំ​​ចង់​ឃើញ​មេធាវី​ដទៃទៀត​មាន​ឆន្ទះ​ដូច​លោក​ស្រី​មេធាវី​ទេព​ បូផល​ ដែរ​ ក្នុង​សកម្មភាព​បម្រើ​សង្គម​ បម្រើ​មេធាវី​ និង​ វិស័យ​យុត្តិធម៌​ ។​ សង្គម​ទាំង​មូល​ចេះ​ច្បាប់​ទើប​មាន​តម្លៃ​ “​ ។

ដោយ​ឡែក​លោក​មេធាវី​អ៊ីវ​ ប៉ូលី​ ជាស្វាមី​លោក​ស្រី​មេធាវី​ ទេព​ បូផល​ អះអាងថា​ លោក​នៅ​តែ​បន្ត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ភរិយា​ដែល​មាន​ឆន្ទះ​ពិត​ប្រាកដ​ ស្រលាញ់​ពិត​ប្រាកដ​ ចំពោះ​ការ​បង្កើត​កម្មវិធី​វិភាគទាន​ច្បាប់​នេះ​ ។

ជាប់​ជា​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី៥ នៃ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពី​កម្មវិធី​វិភាគទាន​ច្បាប់​ លោក​ គង់​ ធុន​ អះអាងថា​ កម្មវិធី​វិភាគទាន​ច្បាប់​នេះ​ គឺ​ ពិត​ជា​ល្អ​បំផុត​ សម្រាប់​និស្សិត​ច្បាប់​ និង​ អ្នក​វិជ្ជាជីវៈ​មួយ​ចំនួន​ ដូច​ជា​មេធាវី​ជា​ដើម​ ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​ ដោយ​ពុំ​អស់​កម្រៃ​ និង​ ទទួល​បាន​ចំណេះដឹង​យ៉ាង​ពិត​ប្រាកដ​ ៕ ចេស្តា

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print