ភ្នំពេញ ៖ ស្ថាបនិកកម្មវិធីវិភាគទានច្បាប់ លោកស្រីមេធាវី ទេព បូផល បានទទួលការសរសើរ ការលើកទឹកចិត្ត និង គាំទ្រពេញទំហឹង ពីប្រធានគណៈមេធាវី ជុំវិញការបង្កើតកម្មវិធីវិភាគទានច្បាប់ ដែលជាឆន្ទះបណ្តុះបណ្តាលច្បាប់ដល់មហាជន ដោយពុំទទួលបានកម្រៃ ។
ប្រធានគណៈមេធាវី ចង់ឃើញមេធាវីដទៃទៀត មានឆន្ទះដូចលោកស្រីមេធាវី ទេព បូផល ដែរ ។
ស្ថាបនិកកម្មវិធីវិភាគទានច្បាប់រូបនេះ ប្តេជ្ញាបន្តសកម្មភាពនេះ ទៀត ដើម្បីចូលរួមចំណែកលើវិស័យយុត្តិធម៌ ស្របតាមគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកសួន វិសាល ប្រធានគណៈមេធាវី បានលើកសរសើរបែបនេះនៅក្នុងកម្មវីធីចុះកិច្ចព្រមព្រៀងរវាងគណៈមេធាវីនិងកម្មវិធីវិភាគទានច្បាប់ កាលពីរសៀលថ្ងៃទី៣ ខែតុលា នៅសណ្ឋាគារសាន់វេ ។
លោកស្រីមេធាវី ទេព បូផល ថ្លែងថា កម្មវិធីវិភាគទានច្បាប់ នេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ ក្នុងគោលបំណងចែករំលែកនិងផ្សព្វផ្សាយក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី បង្កើនចំណេះដឹងដល់និស្សិតនិងអ្នកច្បាប់ ។
មូលហេតុនៃការបង្កើតកម្មវិធីវិភាគទានច្បាប់នេះ ត្រូវបានលោកស្រីទេព បូផល អះអាងថា ដោយសារតែក្នុងចំណោមអ្នកច្បាប់កម្ពុជា យល់ថា ក្រមរដ្ឋប្បវេណី គឺ ជាក្រមមួយមានភាពស្មុគស្មាញ ពិបាកយល់ ហើយមានលក្ខណៈផ្ទុយគ្នាពីក្រមរដ្ឋប្បវេណីចាស់ ។
ក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវបានកម្មវិធីវិភាគទានច្បាប់ ផ្សព្វផ្សាយយ៉ាងទូលំទូលាយរហូតដល់ប្រមាណ២០លើកតាមរយៈសិក្ខាសាលា ដែលសុទ្ធសឹងជាប្រធានបទសំខាន់ៗ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុកផងដែរ “វិភាគទានច្បាប់ Contribution of law “ ។
លោកស្រីបន្តថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលផ្តល់ការឧបត្ថម្ភដល់កម្មវិធីវិភាគទានច្បាប់ ជាពិសេសថ្លែងទាំងរំជួលចិត្តស្រក់ទឹកភ្នែកអរគុណដល់ស្វាមីរបស់លោកស្រី គឺ លោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាមេធាវី ដែលតែងតែផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងក្លាចំពោះសកម្មភាពនៃកម្មវិធីវិភាគទានច្បាប់ នេះ ។
លោកសួន វិសាល ប្រធានគណៈមេធាវី ថ្លែងរំជួលចិត្តយ៉ាងខ្លាំងនៅពេលឃើញលោកស្រីមេធាវី ទេព បូផល មានឆន្ទះមោះមុតក្នុងការបង្កើតកម្មវិធីវិភាគទានច្បាប់ នេះ ដោយពុំមានគោលបំណងស្វែងរកកម្រៃ ។
ប្រធានគណៈមេធាវី ប្រកាសលើកសរសើរ លើកទឹកចិត្ត និង គាំទ្រពេញទំហឹង ចំពោះសកម្មភាពនៃកម្មវិធីវិភាគទានច្បាប់ ដែលមានគោលដៅផ្សព្វផ្សាយច្បាប់ដល់មហាជន ។
លោកសង្កត់ធ្ងន់ថា “ខ្ញុំចង់ឃើញមេធាវីដទៃទៀតមានឆន្ទះដូចលោកស្រីមេធាវីទេព បូផល ដែរ ក្នុងសកម្មភាពបម្រើសង្គម បម្រើមេធាវី និង វិស័យយុត្តិធម៌ ។ សង្គមទាំងមូលចេះច្បាប់ទើបមានតម្លៃ “ ។
ដោយឡែកលោកមេធាវីអ៊ីវ ប៉ូលី ជាស្វាមីលោកស្រីមេធាវី ទេព បូផល អះអាងថា លោកនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះភរិយាដែលមានឆន្ទះពិតប្រាកដ ស្រលាញ់ពិតប្រាកដ ចំពោះការបង្កើតកម្មវិធីវិភាគទានច្បាប់នេះ ។
ជាប់ជាសិស្សក្រឡាបញ្ជីជំនាន់ទី៥ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលទទួលការបណ្តុះបណ្តាលពីកម្មវិធីវិភាគទានច្បាប់ លោក គង់ ធុន អះអាងថា កម្មវិធីវិភាគទានច្បាប់នេះ គឺ ពិតជាល្អបំផុត សម្រាប់និស្សិតច្បាប់ និង អ្នកវិជ្ជាជីវៈមួយចំនួន ដូចជាមេធាវីជាដើម ដើម្បីទទួលការបណ្តុះបណ្តាល ដោយពុំអស់កម្រៃ និង ទទួលបានចំណេះដឹងយ៉ាងពិតប្រាកដ ៕ ចេស្តា
ដោយ៖ ចេស្តា