ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាបានជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រាជោគជាំទៅបុកគូទរថយន្តដែលចតស្ងៀមទាំងកំរោលបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ២៣០ ក្បែររបងមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
តាមសំដីសាក្សីដែលបានឃើញហេតុការណ៍ខាងលេីនេះ បានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកMioពណ៍ក្រហមលាយខ្មៅស ពាក់ស្លាកលេខភ្នំពេញ1BE-0269 តែម្នាក់ឯងយ៉ាងលឿងក្នុងទិសដៅ ពីកើតមកលិចមកដល់ចំណុចកើតហេតុ ទំនងជាស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ លុះបេីកមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុករថយន្តកូរ៉េពាក់ស្លាកលេខ ព្រះសីហនុ3A-2551ដែលម្ចាស់ចតចោលនៅលេីចិញ្ចឹមផ្លូវ បណ្តាលឲ្យដួលបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ មាស សូត្របរមី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៤ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បម្រើការងារជាមន្ត្រីយោធា ។
ក្រោយកេីតហេតុម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ ស ដារ៉ា