មេដឹកនាំប្រទេសសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥បានកោះប្រជុំពិភាក្សាគ្នាពាក់ព័ន្ធវិបត្តិជនភៀសខ្លួននេះដើម្បីរកដំណោះស្រាយបញ្ឈប់វិបត្តិជនភៀសខ្លួននៅក្នុងតំបន់ ហើយដែលប្រទេសទួរគីគឺជាគោលដៅដែលថ្នាក់ដឹកនាំទាំងនេះត្រូវលើកយកមកវែកញែកពិភាក្សាក្នុងអង្គប្រជុំនៅទីក្រុង Brussel នេះ ។
របាយការណ៍របស់អង្គការជនភៀសខ្លួនអន្តរជាតិបានបញ្ជាក់ថា តាំងពីដើមឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ជនភៀសខ្លួនជិត៦០០.០០០នាក់បានឆ្លងចូលទៅកាន់តំបន់អឺរ៉ុប ដែលភាគច្រើនឆ្លងកាត់តាមរយៈប្រទេសទួរគី ។
ប៉ុន្តែទោះបីយ៉ាងណា ទួរគីបានអះអាងថា ខ្លួនបាននិងកំពុងរែកពុនជនភៀសខ្លួនប្រមាណ២លាននាក់ ដែលភាគច្រើនពួកគេភៀសខ្លួនដោយសារសង្គ្រាមក្នុងប្រទេសជិតខាងគឺប្រទេសស៊ីរីនោះតែម្តង ។
មេដឹកនាំសហគមន៍អឺរ៉ុបបាននិងកំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតល្មួតថែមទៀតជាមួយប្រទេសទួរគី ។ ពួកគេត្រូវការឲ្យរដ្ឋាភិបាលទួរគីចុះហត្ថលេខាលើគម្រោងសកម្មភាពរួម ដោយក្នុងនោះរួមមាន ការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងពិធិការដល់ទួរគីដើម្បីដោះស្រាយចំពោះជនភៀសខ្លួន, ការអនុញ្ញាត ក៏ដូចផ្តល់ជំនួយពីរដ្ឋាភិបាលទួរគីក្នុងប្រតិបត្តិការល្បាតនៅតាមឈូងសមុទ្រ, ប្រយុទ្ធប្រឆាំងទៅលើក្រុមអ្នករត់ពន្ធមនុស្ស និងពង្រឹងការប្រតិបត្តិការទៅវិញទៅមកផងដែរ ។
ជាការឆ្លើយតបមកវិញ រដ្ឋាភិបាលទួរគីត្រូវតែអនុវត្តតាមវិធានការផ្សេងៗ ដោយក្នុងនោះមានរួមបញ្ចូលនីតិវិធីសុំសិទ្ធិជ្រកកោន និងផ្តល់អាទិភាពចំពោះការបើកឲ្យបង្កើតមជ្ឈមណ្ឌលសម្រាប់ទទួលជនភៀសខ្លួន៦ទីតាំង ដែលស្ថាបនា និងសហផ្តល់ហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប ។
ទីក្រុង Ankara ទោះបីយ៉ាងណានៅបានរំពឹងដល់ការលើកលែងទិដ្ឋាការចំពោះពលរដ្ឋរបស់ខ្លួននៅក្នុងការធ្វើដំណើរទៅកាន់សហគមន៍អឺរ៉ុបដោយសេរី។ គម្រោងការនេះត្រូវបានលុបបំបាត់ចោល ដើម្បីការរឹតបន្តឹង ត្រួតពិនិត្យព្រំដែនក្នុងអ្វីដែលគេហៅថា តំបន់ Schengen នាពេលកន្លងមកនោះ ។
នៅមុនពេលចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប្រ៊ុចសែល ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប គឺលោក Donald Tusk បានព្រមានថា ការសម្បទានរបស់សហគមន៍អឺរ៉ុបចំពោះរដ្ឋាភិបាលទួរគីធ្វើឡើងទៅបាន លុះត្រាណាតែរដ្ឋាភិបាលទួរគីជួយទប់ស្កាត់ការលំហូរចូលជនភៀសខ្លួន ដែលកាន់តែមានចំនួនច្រើនឡើងៗមិនធ្លាប់មានពីមុនមក ៕
ប្រែសម្រួល៖ ថាច់ យ៉ាត