ប្រមុខដឹកនាំតំបន់ កាតាឡូនៀ បានឲ្យដឹងថា តំបន់ស្វ័យ័តកាតាឡូនៀ និងប្រកាសឯរាជ្យ ផ្តាច់ខ្លួនចេញពីអេស្បាញជាឯកតោភាគីនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។
លោក Carles Puigdemont កាលពីថ្ងៃទី៣ខែតុលា បានប្រកាសថា រដ្ឋាភិបាលអេស្បាញកំពុងតែគ្រប់គ្រង តំបន់ស្វាយ័តកាតាឡូនៀ ហើយនេះជាកំហុស ធ្វើឲ្យផ្លាស់ប្តូរគ្រប់យ៉ាង។ តាមសារព័ត៌មាន ប៊ីប៊ីស៊ី ប្រធានគ្រប់គ្រោងតំបន់ខាងលើ នឹងមានសកម្មភាព ប្រកាសឯករាជ្យ នៅចុងសប្តាហ៍នេះឬដើមសប្តាហ៍ក្រោយ។
ជាមួយគ្នានេះលោក Carles Puigdemont ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួម ជួយដោះស្រាយវិបត្តិខាងលើ ។ លោកក៏បានជំទាស់ទៅនឹង ការប្រកាសរបស់ គណកម្មាធិការអឺរ៉ុបដោយចាត់ទុកថានេះជាបញ្ហាផ្ទៃក្នុង របស់អេស្បាញ។
កាលពីថ្ងៃទី១ខែតុលា ពលរដ្ឋនៅក្នុងតំបន់កាតាឡូនៀបានទៅបោះឆ្នោតប្រជាមតិចាកចេញពីអេស្បាញ ដោយលទ្ធផល ពលរដ្ឋជាង៩០ភាគរយបានឯកភាព ហើយមានតែពលរដ្ឋ៧,៨៧ភាគរយប៉ុណ្ណោះ មិនព្រមចាកចេញ។ បើទោះបីរដ្ឋាភិបាលអេស្បាញបានខិតខំរារាំង ការបោះឆ្នោតខាងលើ តែមន្ត្រីនៅក្នុងតំបន់ចាត់ទុកថាជារឿង ស្របច្បាប់។ចំណែករដ្ឋាភីបាល អេស្បាញចាត់ទុកថាជា សកម្មភាពខុសច្បាប់ដោយការធ្វើប្រជាមតិចាកចេញពីអេស្បាញលុះត្រាណា ធ្វើទូទាំងប្រទេស។
ចម្លើយ “ព្រម” ចង់ទាមទារឯករាជ្យតំបន់កាតាឡូញ៉ា បានឈ្នះនាំមុខដាច់នៅក្នុងការបោះឆ្នោតប្រជាមតិថ្ងៃទី ១ តុលាម្សិលមិញ។ បើតាមអាជ្ញាធរតំបន់ ការឈ្នះមានកំរិតដល់ទៅ៩០%។ ប៉ុន្តែប្រជាមតិខុសច្បាប់ និងហាមឃាត់ ដោយរដ្ឋាភិបាលក្រុងម៉ាឌ្រីដនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ហិង្សា ដែលអាចផ្តល់ផលវិបាកធ្ងន់ធ្ងរពិបាកស្មានបំផុត។ រដ្ឋាភិបាលអេស្ប៉ាញនិងអាជ្ញាធរគ្រប់គ្រងតំបន់កាតាឡូញ៉ា បន្តប្រឈមមុខដាក់គ្នា ស្រែកយកឈ្នះរៀងខ្លួនៗ ។
តំបន់កាតាឡូញ៉ា បានស្គាល់ភាពហិង្សាយ៉ាងខ្លាំង ! អាជ្ញាធរកាតាឡូញ៉ា ជំនះរៀបចំប្រជាមតិ បើទោះបីរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជូនកម្លាំងប៉ូលិសមកបិទការិយាល័យបោះឆ្នោតអស់ជាងពាក់កណ្តាលក៏ដោយ ក៏ការបោះឆ្នោតនៅតែអាចប្រព្រឹត្តទៅបានទៀត។
ជោគជ័យមួយទៀត គឺសន្ទុះនៃការចង់ចូលរួមបោះឆ្នោត។ តាមការពិតទៅបើនិយាយអំពីចំនួនអ្នកចូលរួម និងលទ្ធផលតែម្តង គេពិបាកនឹងកំណត់ឱ្យបានច្បាស់លាស់ណាស់ ព្រោះដោយសារអន្តរាគមន៍រារាំងរបស់រដ្ឋាភិបាល គេមិនអាចដឹងថា នៅក្នុងចំណោមប្រជាជន៥លាននាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានប៉ុន្មានចូលរួម ហើយមានការិយាល័យបោះឆ្នោតប៉ុន្មានបានដំណើរការទេ។ ខាងរដ្ឋាភិបាលក៏បានបិទខ្ទប់កម្មវិធីរាប់សន្លឹកឆ្នោតតាមប្រព័ន្ធអ៊ីនធ័រនែត។ សុពលភាពនៃការបោះឆ្នោតអាចនឹងត្រូវគេបន្ទោសថាពិបាកទុកចិត្ត។ ប៉ុន្តែសម្រាប់អាជ្ញាធរតំបន់ កាតាឡូញ៉ាបានធ្វើអ្វីដែលជាសិទ្ធិរបស់គេ ដែលជាការបញ្ចេញយោបល់ មិនពេញលេញមែនតែក៏ក្នុងទម្រង់ជាប្រជាមតិដែរ។ នេះហើយជាជ័យជំនះ ! អាជ្ញាធរកាតាឡូញ៉ាប្រកាសថា មានពលរដ្ឋដល់ទៅជាង៤២%បានទៅបោះឆ្នោតបាន ក្នុងនោះ៩០% បានគាំទ្រការទាមទារឯករាជ្យ។
អ្នកដែលចាញ់ខ្លាំង គឺប្រមុខរដ្ឋាភិបាលអេស្ប៉ាញលោកMariano Rajoy មិនអាចរារាំងការបោះឆ្នោតបានហើយ និងថែមទាំងបានបន្សល់ទុកនូវភាពហិង្សាដ៏អាក្រក់ របស់ប៉ូលិស ផ្សព្វផ្សាយពេញពិភពលោក។
រដ្ឋាភិបាលអេស្ប៉ាញ ជាអំណាចកណ្តាល របស់ប្រទេស ! ថ្វីបើពេលនេះ លោកប្រមុខរដ្ឋាភិបាល Mariano Rajoy ហាក់ដូចជាឯកា និងរងការបន្ទោស ថាទន់ខ្សោយ និងអសមត្ថភាព មែន ប៉ុន្តែលោកច្បាស់ជាមិននៅស្ងៀម បណ្តោយឱ្យកាតាឡូញ៉ា ប្រកាសឯករាជ្យដោយស្រួលៗឡើយ។ រដ្ឋាភិបាលម៉ាឌ្រីដមិនដែលនឹកឃើញចង់ឱ្យមានប្រជាមតិស្វ័យប្រកាសឯករាជ្យទេ ហើយច្បាប់រដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាត បក្សនយោបាយអ្នកដឹកនាំប្រទេសក៏គ្មានគំនិតចង់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងផ្លូវនោះដែរ។
ដូច្នេះ ប្រសិនបើកាតាឡូញ៉ាប្រកាសផ្តាច់ខ្លួនមែន នោះ រដ្ឋាភិបាលម៉ាឌ្រីដនឹងប្រើច្បាប់ជាអាវុធ។ ច្បាប់ដែលអនុញ្ញាតឱ្យអេស្ប៉ាញព្យួរស្វ័យភាពរបស់តំបន់ និងត្រលប់មកគ្រប់គ្រងប៉ូលិសតំបន់ដោយខ្លួនឯងវិញ។
ការប្រកាសឯករាជ្យរបស់កាតាឡូញ៉ា ក៏ជាឱកាសអនុញ្ញាតឱ្យតុលាការចាប់ផ្តើមដំណើរការ នីតិវិធីចាប់ខ្លួន លោកCarles Puigdemont ប្រមុខរដ្ឋាភិបាលកាតាឡូញ៉ា និងសមាជិករដ្ឋាភិបាលកាតាឡូញ៉ាផ្សេងទៀត។ ព្រោះរដ្ឋាភិបាលកាតាឡូញ៉ានេះ កំពុងជាប់អង្កេតព្រហ្មទណ្ឌ ពីបទ “មិនគោរពច្បាប់” “បង្វិលថវិការដ្ឋ” យកទៅរៀបចំការបោះឆ្នោតប្រជាមតិ ដែលហាមឃាត់ដោយតុលាការ។
ដូច្នេះបើដល់ដំណាក់កាលនោះ ច្បាប់ប្រទេសនឹងត្រូវជាអ្នកឈ្នះ តំបន់ជាអ្នកចាញ់ ! តែគេត្រូវការពេលវេលាយូរសម្រាប់ផ្សះផ្សានិងបំបាត់ស្នាមបែកបាក់សង្គម។
កាតាឡូញ៉ា ត្រូវឆ្លងកាត់វិញ្ញាសាស្មុគស្មាញមួយចំនួនទៀតសិន ដោយមានជម្រើសរវាងទីមួយ ប្រកាសរៀបចំបោះឆ្នោតសភាមុនអាណត្តិ ដោយសង្ឃឹមថានឹងអាចបានទទួលសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ឬមិនដូច្នោះទេ អាជ្ញាធរកាតាឡូញ៉ា ធ្វើអ្វីដូចដែលបានសន្យា គឺស្នើសុំសភាតំបន់កាតាឡូញ៉ា ប្រកាសឯករាជ្យជាឯកតោភាគីតែម្តង។
យោងតាមអត្ថបទច្បាប់អនុម័តនៅថ្ងៃទី ៦ កញ្ញា ដោយក្រុមអ្នកផ្តាច់ទឹកនិយម ឯករាជ្យនឹងត្រូវប្រកាសនៅ៤៨ម៉ោង ក្រោយលទ្ធផលប្រជាមតិ « ព្រម” ឈ្នះ ពោលគឺនៅថ្ងៃទី ពុធទី៤ តុលា។ បន្ទាប់មកនឹងមាន ដំណើរការកម្មវិធីផ្តាច់ខ្លួនចេញពីអេស្ប៉ាញ ជាមួយគ្រប់ភាគីបក្សនយោបាយ និងរដ្ឋ ដូចអ្វីដែលមានធ្វើក្នុងករណីអង់គ្លេសដើរចេញពីអឺរ៉ុប៕
ដោយ៖ មែវ សាធី