ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងខេត្តបាត់ដំបងនិងនៅតាមបណ្តាខេត្តមួយចំនួនទៀតត្រូវគេមើលឃើញថានាំគ្នាសម្រុកមកលេងកំសាន្តថ្ងៃបញ្ចប់នៃពិធីបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបង ដែលបានប្រារព្ធធ្វើឡើងមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៤និងទី៥ ខែតុលា ឆ្នាំ២០១៧។
ពិធីបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបងនោះដែរក៏ត្រូវគេមើលឃើញថាមានទូកចំនួន៣០ទូកបានចូលរួមប្រណាំងប្រកួតប្រជែងយកជ័យលាភីនិងប្រកួតជាលក្ខណៈមិត្តភាព។នៅឆ្នាំនេះគេក៏សង្កេតឃើញមានសភាពអ៊ូអរមនុស្សចូលរួមមកលេងកំសាន្តច្រើនជាងឆ្នាំកន្លងមកគ្រាដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានសុវត្ថិភាពល្អ។
ពិធីបុណ្យទូក ក៏មានទូកមកពីព្រះរាជាណាចក្រប្រទេសថៃ១ទូក នៅក្នុងខេត្តសុរិន្ទ បានអញ្ជើញមកអ៊ុំប្រកួតជាមិត្តភាពនិងមានទូកមកពីខេត្តសៀមរាច១ទូក ខេត្តប៉ៃលិន១ទូកនិងខេត្តកំពង់ឆ្នាំង បានចូលរួមអ៊ុំប្រកួតប្រជែងអបអរសាទរបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបងផងដែរ។មិនតែប៉ុណ្ណោះអាជ្ញាធរខេត្តបាត់ដំបងក៏បានរៀបចំនូវកម្មវិធី ដូចជាមានការប្រគុំតន្រ្តីរាំកំសាន្តលេង ការតាំងពីពណ៌លក់ផលិតផលខ្មែរនិងផលិតផលថៃដែល និងកម្មវិធីសប្បាយៗជាច្រើនទៀត ធ្វើឱ្យពិធីនោះបានបង្កបរិយាកាសសប្បាយរីករាយកាន់តែខ្លាំងឡើងសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត។
ពិធីបុណ្យអ៊ុំទូកនោះដែរ អាជ្ញាធរខេត្តបាត់ដំបងក៏បានប្រើប្រាស់កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ គឺកម្លាំងនគរបាល កម្លាំងអាវុធហត្ថនិងកម្លាំងយោធាប្រមាណជិត១ពាន់ ដើម្បីការពារសន្តិសុខរៀបចំសណ្តាប់ធ្នាប់រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកលេងកំសាន្តឱ្យមានភាពល្អប្រសើរ និងក៏បានរៀបចំឱ្យមានរបៀបរៀបរយត្រឹមត្រូវផងនោះដែរ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនេះកម្លាំងសមត្ថកិច្ចបានការពារពង្រឹងសន្តិសសុខមានសភាពល្អ គ្មានអ្វីកើតឡើងនោះឡើយ។កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ ដោយប្រើប្រាស់កម្លាំងចល័ត កម្លាំងយាមតាមគោលដៅ និងកម្លាំងសម្ងាត់ ដើម្បីតាមឃ្លាំមើលគ្រប់សកម្មភាពក្រុមខិលខូចឆ្លៀតឱកាសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើមនោះ។
ប្រជាពលរដ្ឋដែលបានមកចូលរួមលេងកំសាន្តបុណ្យអ៊ុំទូកនៅខេត្តបាត់ដំបង ក៏បាន សំដែងចេញនូវភាពរីករាយ និងកោតសរសើរដល់អាជ្ញាធរខេត្តដែលបានរៀបចំពិធីនេះឡើង សម្រាប់ឱ្យប្រជាពលរដ្ឋមកជួបជុំលេងកំសាន្តរយៈពេល២ថ្ងៃមកនេះ និងការពារសុវត្ថិភាពបានល្អទៀតនោះផងដែរ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង ត្រូវគេមើលឃើញថាជាខេត្តមួយជារៀងរាល់ឆ្នាំតែងតែរៀបចំពិធីបុណ្យអ៊ុំទូកនៅថ្ងៃបុណ្យចេញវស្សាដែលជាបុណ្យប្រពៃណីជាតិខ្មែរ ហើយការរៀបចំពិធីនេះឡើងក៏ដើម្បីរក្សាទំនៀមទំនាប់ប្រពៃណីខ្មែរនិងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តខេត្តបាត់ដំបងកាន់តែច្រើនឡើង ខេត្តបាត់ដំបងជាខេត្តដែលសំបូរដោយរមណីយដ្ឋានជាច្រើកន្លែងសម្រាប់ឱ្យភ្ញៀវទេចរមកលេងកំសាន្ត។មិនតែប៉ុណ្ណោះគ្រាន់តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ ខេត្តបាត់ដំបងបានទាក់ទាញនិង មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តជាង៧ម៉ឺននាក់៕
ដោយ៖ សំ វិច្ឆិកា