៤ខែ​ហើយ​​ រឿង​ក្តី​លោក​ថោង​ សារ៉ាត់​ ពុំ​ទាន់​ប្រកាស​សាលក្រម

ចែករំលែក៖

ភ្នំពេញ​៖ ៤ខែ​ហើយ​ ដែល​សំណុំរឿង​លោក​ថោង​ សារ៉ាត់​ អ្នក​មាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​ បច្ចុប្បន្ន​មាន​ឈ្មោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​តែ​ធាតុ​ពិត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ជាយូរមក ហើយ​ នៅ​ពុំ​ទាន់​ត្រូវ​បាន​លោក​ តុប​ ឈុន​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​នៅ​ឡើយទេ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​អង្គសេចក្តី​ ។

លោក​ ថោង​ សារ៉ាត់​ និង​ ក្រុម​អង្គរក្ស​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ កាលពី​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ហើយ​មក​ទល់​ពេល​នេះ​ ក្រុម​ជនជាប់ចោទ​ ត្រូវ​ជាប់​ពន្ធនាគារ​ជិត​៣ឆ្នាំ​ហើយ​ ។

លោក តុប ឈុនហេង ប្រធានក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ អមដោយលោកម៉េង តូនីនិងលោកហេង កេសរោ​ ជាចៅក្រមប្រឹក្សា បានពន្យារពេលប្រកាស​សាលក្រមរឿងក្ដីនេះ៤ខែ​ហើយគិតចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧រហូតមកដល់ថ្ងៃទី០៦​ខែតុលា​ ឆ្នាំ២០១៧ នៅពុំទាន់កំណត់កាលបរិច្ឆេទប្រកាសសាលក្រម​ទេ បន្ទាប់ពីបញ្ចប់សវនាការអង្គសេចក្តីរួចមក ។

លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ធ្លាប់បញ្ជាក់ថា​ ការមិនទាន់ប្រកាស​សាលក្រមនេះមិនខុសច្បាប់ទេព្រោះជារឿងព្រហ្មទណ្ឌមាន​ភាពចាំបាច់និងស្មុគស្មាញច្រើនទើបមានការពន្យាដើម្បីទុក​ពេលពិចារណាសិន។

ពាក់ព័ន្ធបញ្ហានេះ លោកមេធាវី ហុង គឹមសួន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា ការសម្រេចពន្យារពេលប្រកាសសាលក្រមនេះ គឺ ធ្វើឲ្យប៉ះពាល់ដល់ផល​ប្រយោជន៍​របស់គូភាគី ហើយបានបង្ហាញអំពីការមិនយកចិត្តទុកដាក់​របស់តុលាការ ។

លោកមេធាវី បន្តថា ” កាលណាតុលាការសម្រេច គូភាគីមានពេលវេលាសម្រាប់ប្តឹងបន្តទៀត ឬ ទទួលយកការសម្រេចនេះ តែបើទុកចោលចឹង គឺ វាប៉ះពាល់សិទ្ធិគូភាគីហើយ ” ។

ដោយឡែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់​បញ្ជាក់ថា ជាគោលការណ៍ច្បាប់គឺមិនកំណត់រយៈពេលនៃការប្រកាសសាលក្រមនេះទេ គឺវាអាស្រ័យលើស្ថានភាពជាក់ស្តែងនៃកម្មវិធី ចំនួនសំណុំរឿង និងកាលវិភាគរបស់តុលាការ តែទោះជាអញ្ចឹងក៏ដោយ ដើម្បីធានាដល់សិទ្ធិនិងផលប្រយោជន៍គ្រប់ភាគីដែលពាក់ព័ន្ធ តុលាការត្រូវប្រឹងប្រែងបន្តនីតិវិធីទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទោះបីច្បាប់មិនបានកំណត់រយៈពេលក៏ដោយ។

រឿងក្ដីនេះ ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ជាមេខ្លោង ពន្យារពេលជា​ច្រើន​ខែ​ហើយ​ពុំ​ទាន់​ប្រកាស​សាលក្រម​។

អ្នកច្បាប់មួយរូបផ្សេងទៀតសុំមិនបញ្ចេញឈ្មោះ អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលពន្យារពេលប្រកាសសាលក្រម គឺ មិនមានកំណត់ក្នុងច្បាប់នោះទេ តែអាចបង្កប់នូវភាពមិនប្រក្រតី ។

ប្រភពព័ត៌មាន បញ្ជាក់ថា ការពន្យារពេលដ៏យូរនេះ គឺទុកពេលឲ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឲ្យលោកថោង សារ៉ាត់និងគូកន។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print