ខេត្តស្វាយរៀង៖ ប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏លើកំណាត់ផ្លូវជាតិលេខ១ រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាស្ត្រីដែលបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមានឈ្មោះគឹមលន់ អាយុ៦៥ឆ្នាំមុខរបរកសិកររស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដោយជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ1BM-3923 ខូចខាតយ៉ាងដំណំ ។
ចំពោះភាគីម្ខាងទៀតមានឈ្មោះប៉ាងសារ៉ុន ភេទប្រុស អាយុ៤២ឆ្នាំមុខរបរកសិករនិងអ្នក រួមដំណើរមានឈ្មោះសួនលី ភេទស្រី អាយុ៣៦ឆ្នាំនិងឈ្មោះពៅនី ភេទប្រុស អាយុ៤៩ឆ្នាំដោយអ្នកទាំង៣មានទីលំនៅក្នុងភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ រួមនិងម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៏ក្រហមគ្មានស្លាកលេខ ខូចខាតផងដែរ ។
បើតាមអ្នកភូមិបានប្រាប់ថាមុនពេលកើតហេតុមានស្ត្រីចំណាស់ម្នាក់បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពីកើតមកលិចលើកំណាត់ផ្លូវជាតិលេខ១រួចក៏បានបត់ឆ្វេងមិនមើលឆ្វេងស្ដាំស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៏ក្រហម ជិះគ្នា៣នាក់បើកស្របទិសគ្នាក៏បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយភាគីទាំងសងខាងដួលរណូករណែលពេញផ្លូវតែម្ដង ។
ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៏ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តាគមន៏និងយកភាគីទាំងសងខាងទៅកាន់មន្ទីពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិត ។ រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចអូសមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់ ។
សមត្ថកិច្ចនគរបាលចរាចរណ៏ស្រុកស្វាយជ្រំប្រាប់ថាមូលហេតុដោយសារម៉ូតូម៉ាកហុងដាសេ១២៥បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ៕
ដោយ៖ ឃឹម សុថាន