សារព័ត៌មាន AFPបានផ្សាយថា៖ ទូកដឹកជនភៀសខ្លួនរ៉ូហីនយ៉ា បានលិច កាលពីយប់ថ្ងៃទី៨ខែតុលានៅទន្លេរNaf ជាបន្ទាត់ព្រំដែន រវាងមីយ៉ានម៉ានិង បង់ក្លាដែស ធ្វើឲ្យជនភៀសខ្លួន១២នាក់ស្លាប់និងរាប់សិបនាក់បាត់ខ្លួនភាគច្រើនគឺជាកុមារ។
មន្ត្រីយោធា មកពីកម្លាំងការពារ ព្រំដែនសមុទ្ររបស់ប្រទេសបង់ក្លាដេសបានឲ្យដឹងថា ៖ទូកដែលលិចនោះគឺដឹកលើសចំណុះ ដោយមានជនភៀសខ្លួនជាង ១០០នាក់។
លោក Abdul Jalil មកពីកម្លាំង ការពារជាតិបង់ក្លាដេសបានឲ្យដឹងថា សាកសព ១២នាក់ត្រូវបានរកឃើញក្នុងនោះមានកុមារដល់ទៅ១០នាក់ ក្រោយកម្លាំងយោធាព្យាយាមរ៉ុករកពេញមួយយប់កន្លងមក។
ហេតុការគ្រោះថ្នាក់ខាងលើ គឺជាសោកនាដកម្ម ថ្មីសម្រាប់ ជនជាតិរ៉ូហីនយ៉ា ក្រោយពេលដែល បានខិតខំភៀសខ្លួនចេញពីអំពើហឹង្សានៅរដ្ឋរ៉ាឃីនភាគខាងលិចមីយ៉ានម៉ាទៅកាន់បង់ក្លាដេស។
ពាក់ព័ន្ធនិងស្ថានភាព ហឹង្សានៅរដ្ឋរ៉ាឃីន ក្រុមឧទ្ទាមទ័ពព្រៃ ដើម្បីរ៉ូហ៊ីងយ៉ាបានបង្ហាញជំហរចង់ចូលរួមដោះស្រាយ ដើម្បីភាពធូស្រាលឡើងវិញ នៅរដ្ឋរ៉ាឃីន។ កាលពីមួយខែមុន ពួកឧទ្ទាមទ័ពព្រៃ ឈ្មោះថា កម្លាំង រំដោះរ៉ូហ៊ីងយ៉ា នៅអារ៉ាខាន បានប្រកាសជាឯតោភាគី បទឈប់បាញ់ រយៈពេលមួយខែ ដើម្បីសម្រួលដល់ការផ្តល់ជំនួយ មនុស្សធម៌ ដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរត់គេចចេញពីអំពើហិង្សា នៅរដ្ឋរ៉ាឃីន របស់ប្រទេសភូមា។
បទឈប់បាញ់ ប្រកាស ជាឯកតោភាគី ដោយពួកឧទ្ទាម រំដោះរ៉ូហ៊ីងយ៉ា ហៅកាត់ថា ARSA នឹងត្រូវចប់ នៅយប់ថ្ងៃចន្ទ ខានស្អែក។ ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន នៅថ្ងៃសៅរ៍នេះ ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ដែលប្រយុទ្ធតទល់នឹងកងទ័ពភូមា តាំងពីខែសីហា បានបង្ហាញថា ក្រុមខ្លួន ត្រៀមខ្លួន ដើម្បី ចូលរួម បន្ធូរបន្ថយភាពតានតឹង នៅរដ្ឋរ៉ាឃីន ទៅតាមវិធានការរបស់រដ្ឋាភិបាលភូមា។ ប៉ុន្តែ ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាបានបញ្ជាក់ដែរថា ក្រុមខ្លួននឹងនៅតែប្តេជ្ញាធ្វើសកម្មភាព ដើម្បីបញ្ឈប់រាល់ការបង្ក្រាប និងនយោបាយសង្កត់សង្កិនទៅលើជនជាតិរ៉ូហ៊ីងយ៉ា។
អាជ្ញាធរភូមា នៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងការប្រកាសរបស់ក្រុមឧទ្ទាមនៅថ្ងៃសៅរ៍នេះទេ។ ប៉ុន្តែ កាលពីមួយខែមុន នៅក្រោយការប្រកាសបទឈប់បាញ់ ជាឯកតោភាគី ដោយឯកឯងរបស់ក្រុមឧទ្ទាម ARSA អ្នកនាំពាក្យរបស់រដ្ឋាភិបាលភូមាបានលើកឡើងហើយថា រដ្ឋាភិបាលគ្មាននយោបាយចរចាជាមួយ ពួកភេរវជននោះទេ។
កងទ័ពភូមាបានចាត់ទុកពួកឧទ្ទាមរ៉ូហ៊ីងយ៉ា ថា ជាក្រុមភេរវជន ដែលបានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសភូមា ជាច្រើនកន្លែង នៅរដ្ឋរ៉ាឃីន នៅថ្ងៃទី ២៥សីហាកន្លងទៅ។ តាំងពីពេលនោះមក កងទ័ពភូមាបានបើកការបង្រ្កាបតបវិញ រហូតធ្វើឲ្យកើតផ្ទុះជាអំពើហិង្សា ដែលជាដើមហេតុនៃការរត់ភៀសខ្លួនរបស់ប្រជាជនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ពីរដ្ឋរ៉ាឃីន ទៅប្រទេសបង់ក្លាដែស ដែលមានព្រំដែនជាប់ភូមា។
រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងច្បាស់ពីសមាសភាព ចំនួនសមាជិករបស់ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ានោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅខែមីនាដើមឆ្នាំនេះ ប្រធានរបស់ចលនាដើម្បីរំដោះជនជាតិរ៉ូហ៊ីងយ៉ា ARSA បានអះអាងថា ចលនានេះ ត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិរបស់អ្នកកាន់សាសនាអ៊ីស្លាម និងគ្មានចំណងទាក់ទាញជាមួយក្រុមអង្គការអ៊ីស្លាមបរទេសនោះទេ៕
ដោយ៖ មែវ សាធី