ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជ្រុល​បុក​រថយន្ដ​ចំពាក់​កណ្ដាល​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ខណៈ​ពួក​គេ​ទាំង​ ២​នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ ក៏​ជ្រុល​ចង្កូត​បុក​រថយន្ដ​ធុន​ធំ​ចំពាក់​កណ្ដាល​ ។​

IMG-20151016-WA0020

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាល​វេលា​ម៉ោង​ ១២.១២​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៦៧-១៦៨​ ស្ថិត​ក្នុងភូមិ​ត្រពាំង​កន្ទួត​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក​វរៈសេនីយ៍ត្រី​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ ម៉ៃ​ ភូ​ថង​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ (​ស្លាប់​)​ ទី​២-​ឈ្មោះ​ សំ​ សុ​ផ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ (​រង​របួសធ្ងន់​)​ ជន​រង​គ្រោះ​ទាំង​ ២​នាក់​រស់នៅ​ភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

លោក​អធិការ​បន្ដ​ថា​ ជន​រង​គ្រោះ​ទាំង​ ២​នាក់​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ដោយ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1D-9366​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ជ្រុល​ចង្កូត​មក​បុក​រថយន្ដ​ម៉ាក​ ហ្វុ​យ​សូ​ (FUSO)​ ចំពាក់​កណ្ដាល​ខណៈ​រថយន្ដ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ភ្លាមៗ​ផង​ដែរ​ ។​

លោក​អធិការ​បន្ដ​ទៀត​ថា​ រថយន្ដ​ខាងលើ​ម៉ាក​ហ្វុ​យ​សូ​ (FUOS)​ ពណ៌​ផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D-1050​ ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ចំនួន​ ២​គ្រឿង​ ហើយ​វត្ថុ​តាង​ម៉ូតូ​ និង​រថយន្ដ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ រង់ចាំ​​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ៕

IMG-20151016-WA0019

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print