ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងចំរុះខណ្ឌមានជ័យចាប់ឃាត់ខ្លួន ភ្លាមៗនៅពេលដែលសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនចំនួន៦ថង់តូច នៅជាប់នឹងខ្លួន ខណៈដែលបុរសរូបនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ។
ហេតុការណ៍ឃាត់ខ្លួនបុរសរូបនេះបានកើតឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវវ៉េងស្រេង ត្រង់ចំណុចភ្លើងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានប្រាប់ថា មុនពេលធ្វើការឃាត់ខ្លួនបុរសសង្ស័យខាងលើនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមាន ជ័យបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើដងផ្លូវវ៉េងស្រេង ដែលដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការរង នគរបាលខណ្ឌ ហើយជនសង្ស័យបានជិះម៉ូតូឆ្លងកាត់គោលដៅឆែកឆេររកឃើញមានរក្សាទុកថ្នាំញៀនចំនួន៦ថង់តូច។ ភ្លាមៗនោះសមត្ថកិច្ចយើងក៏ចាប់ឃាត់ខ្លួននាំមកសួរនាំនៅប៉ុសិ្តរដ្ឋបាលស្ទឹងមានជ័យ។
ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ឌឹម លីហេង អាយុ៣០ឆ្នាំ ជាជាងដែក ស្នាក់ផ្ទះជួលបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញថ្នាំញៀននេះនៅម្តុំកាណាឌីយ៉ាស៊ីធីក្នុងតម្លៃ១ថង់តូច២ម៉ឺនរៀល ហើយទិញយកមកប្រើប្រាស់។
សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-7138 និងម្សៅក្រាមសថ្លាចំនួន៦ថង់តូច។ ក្រោយពីសាក សួរនាំរួចជនសង្ស័យរួម នឹងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះផងដែរ សមត្ថកិច្ចចំរុះក៏បានឃាត់ម៉ូតូអត់ពាក់ស្លាកលេខចំនួន៨គ្រឿង នាំយកមករក្សាទុកនៅស្នាក់ការប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ១រួច តម្រូវឲ្យម្ចាស់ម៉ូតូយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ និងដោះស្រាយតាមច្បាប់ ហើយធ្វើការណែនាំឲ្យម្ចាស់ម៉ូតូគោរពច្បាប់ចរាចរណ៍៕ តាឡឹម













