ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និង បុរសជនជាតិខ្មែរម្នាក់ទៀត ផ្តន្ទាទោស៣០ឆ្នាំ ពាក់ព័ន្ធករណីរៀបចំគម្រោងសម្លាប់បុរសជនជាតិចិនម្នាក់ក្នុងផ្ទះសំណាក់ នាខណ្ឌពោធិ៍សែនជ័យ ព្រោះរឿងគំនុំ ។
លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ Gao keyan អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ដាក់ពន្ធនាគារអស់មួយជីវិត និង ផ្តន្ទាទោសឈ្មោះ ម៉ុន ចំរើន អាយុ២១ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ លោកចៅក្រម កោ វណ្ឌី ទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តនឹងការសម្រេចនេះ ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលរាជធានីភ្នំពេញស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ដារ៉ាថ្នល់កោង បន្ទប់លេខ១០ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឡ ហ្វុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបើកហាងលក់ម្ហូបអាហារចិន មានទីលំនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ ត្រូវបានជនដៃដល់សម្លាប់យកសពទៅបោះចោលនៅក្នុងទន្លេអ្នកលឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរសារភាពថា ពួកខ្លួនពិតជាបានសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយប្រើស្គុតរុំដៃជើង ចាប់បោកក្បាលនៅជញ្ជាំងថ្ម និងយកខ្សែក្រវាត់រឹតក បណ្តាលឱ្យស្លាប់ រួចដឹកតាមរថយន្តយកទៅទម្លាក់ចោលនៅស្ពានអ្នកលឿងតែម្តង ដោយសារមូលហេតុគំនុំ៕ ចេស្តា











