ករណី​ចិន​សម្លាប់​ចិន​ព្រោះ​គំនុំ​ ៖​ តុលាការ​ផ្តន្ទា​ទោស​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ពី​៣០ឆ្នាំ​ដល់​មួយ​ជីវិត​

ចែករំលែក៖

ភ្នំពេញ​ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ចិន​ម្នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ ផ្តន្ទា​ទោស​៣០ឆ្នាំ​ ពាក់ព័ន្ធ​ករណី​រៀបចំ​គម្រោង​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ផ្ទះ​សំណាក់​ នា​ខណ្ឌ​ពោធិ៍​សែនជ័យ​ ព្រោះ​រឿង​គំនុំ​ ។

លោក​ កោ​ វណ្ឌី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ Gao keyan អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​ ផ្តន្ទា​ទោស​ឈ្មោះ​ ម៉ុន​ ចំរើន​ អាយុ​២១ឆ្នាំ​ ជនជាតិ​ខ្មែរ​ ដាក់​ពន្ធនាគារ​៣០ឆ្នាំ​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ លោក​ចៅក្រម​ កោ​ វណ្ឌី​ ទុក​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ ប្រសិន​បើ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​នេះ​ ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៨ ខែ​មេសា​ ឆ្នាំ​២០១៧​ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលរាជធានីភ្នំពេញស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ដារ៉ាថ្នល់កោង បន្ទប់លេខ១០ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនរងគ្រោះ ឈ្មោះ ឡ ហ្វុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបើកហាងលក់ម្ហូបអាហារចិន មានទីលំនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ ត្រូវបានជនដៃដល់សម្លាប់យកសពទៅបោះចោលនៅក្នុងទន្លេអ្នកលឿង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង​ពីរ​សារភាពថា ពួកខ្លួនពិតជាបានសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយប្រើស្គុតរុំដៃជើង ចាប់បោកក្បាលនៅជញ្ជាំង​ថ្ម និង​យកខ្សែក្រវាត់រឹតក បណ្តាល​ឱ្យ​ស្លាប់ រួចដឹកតាមរថយន្តយកទៅ​ទម្លាក់​ចោល​នៅ​ស្ពានអ្នកលឿងតែម្តង ដោយសារ​មូលហេតុគំនុំ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print