ភ្នំពេញ៖ ដំណឹងមរណភាពរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស។ ដំណឹងពីក្រុមការងារផលិតកម្មបានបញ្ជាក់ថា តារាស្រីរូបនេះនៅមិនទាន់បញ្ចប់កគម្រោងថតភាពយន្តភាគដែលនាងសម្តែងលើកដំបូងនៅឡើយ។
មរណភាពរបស់តារាចម្រៀងសាន ស្រីឡៃបានបន្សល់ទុកនៅនូវភាពសោកស្តាយ និងអាលោះអាល័យខ្លាំងសម្រាប់មហាជន និងមិត្តរួមអាជីព។ តាមការទម្លាយរបស់ផលិតករ និងសិល្បករដែលរួមការងារបានបញ្ជាក់ថា តារាស្រីវ័យ២៤ឆ្នាំរូបនេះទើបនឹងចាប់ផ្តើមចេញថតរឿងភាពលើកដំបូងរបស់ខ្លួនគឺរឿង”រាជនីភូមិគ្រឹះ” ដែលនាងសម្តែងជាតួអង្គកាចឆ្នាសឆ្នើម និងគូជាមួយម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២គឺលោក ថែម ថៃ។ ប្រភពបញ្ជាក់ថា ភាពយន្តភាគនេះទើបនឹងចាប់ផ្តើមសម្តែងបានប្រមាណជាង២០ភាគរយប៉ុណ្ណោះក្នុងនោះក៏មានឈុតឆាកសំខាន់ៗជាច្រើនដែលនាងរួមសម្តែងផងដែរ។ ប្រភពបន្តថា ជាស្នាដៃសម្តែងលើកដំបូងនាងប្រឹងប្រែងខ្លាំង បើទោះបីជាពេលខ្លះការចេញទៅសម្តែងរបស់នាងទាំងគ្មានអារម្មណ៍ក្នុងខ្លួនព្រោះតែការតាមរំខានពីអតីតស្វាមីផងដែរ។ ក្រុមផលិតករ និងសិល្បករដែលត្រូវចេញទៅសម្តែងនៅថ្ងៃទី១៧ និង១៨នេះក៏ត្រូវរំសាយបណ្តោះអាសន្នផងដែរ ហើយគេនៅមិនទាន់ដឹងនៅឡើយទេថាតារាសម្តែងរូបណានឹងត្រូវជំនួសរូបនាងនោះដែរ។
គួរបញ្ជាក់ដែរថា សាន ស្រីឡៃ អតីត The Voice Cambodia ត្រូវបានអតីតស្វាមីគឺលោកជ័យ រិន ជាមន្ត្រីគយ បាញ់សម្លាប់កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៦តុលានេះនៅម្ដុំទូរទស្សន៍អប្សរា។ ដើមហេតុនៃការសម្លាប់នេះត្រូវបានគេទម្លាយថាកើតឡើងពីការប្រច័ណ្ឌ។សពនាងបាននឹងកំពុងធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរនៅក្នុងបរិវេណវត្តសែនសុខ ខណ្ឌសែន។ សពនឹងត្រូវបូជាតាមទំនៀមទាមទម្លាប់នៅថ្ងៃសុក្រសប្តាហ៍នេះ៕
ដោយ៖ វឌ្ឍនា