ភ្នំពេញ៖ បន្ទាប់ពីសពតារាចម្រៀងដែលកំពុងរៀបចំតម្កល់នៅក្នុងវត្តសែនសុខ មានគ្រូអាចារ្យម្នាក់ដែលអះអាងថាជាអាចារ្យនៅវត្តសែនសុខទៅទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្លល់សពតារាចម្រៀង សាន ស្រីឡៃ រហូតគម្រាមថា បើមិនឲ្យលុយត្រូវដឹកសព ចេញវិញនោះ ភ្លាមៗនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រះចៅអធិការវត្តព្រះនាម ភារម្យ បានចេញមកមានសង្ឃដិកាច្រានចោលពីការទាមទានេះ ហើយព្រះអង្គថាជារឿងបុគ្គល។
ព្រះចៅអធិការក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយ ថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជាអាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។
ព្រះអង្គ ភារម្យ ថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្តគ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្ត នោះវត្តនឹងទទួល»។
ដោយឡែកមន្ត្រីសាលាខណ្ឌសែនសុខមួយរូប បានប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំ គ្រូបង្រៀនអាចារ្យ។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីចាត់ចែងពិធីបុណ្យសព តារាចម្រៀង សាន ស្រីឡៃ រហូតមកទារលុយយ៉ាងច្រើនបែបនេះពីក្រុមហ៊ុនហង្សមាស។
ដោយឡែក លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថា ធិប្បាយដ៏ល្បាញល្បីមួយរូបនៅកម្ពុជា បានថ្លែងថា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦០០ដុល្លារអាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។
លោកបន្តថា អាចារ្យដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយដូចជា៖ទី១៖ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២៖ អាចារ្យយោគី ៥០០ដុល្លារ ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ ទី៤៖ ក្តារមឈូស ១៥០ដុល្លារ។ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។
រហូតមកដល់ពេលនេះតាអាចារ្យ មាស សំណាង មិនទាន់ដឹងថា គេចខ្លួនឬយ៉ាងណានោះទេ?៕
ដោយ៖ តុង សីហា