ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះពីររូប គឺ ឱក សុគន្ធកញ្ញា និង សុខ ពិសី បានជួបនឹងដំណឹងស្នេហាក្រៅឆាកជាមួយនឹងកូនប្រុសថៅកែផលិតកម្មដូចគ្នា។ ចំណងស្នេហ៍កូនថៅកែផលិតកម្មនេះក៏នឹងធ្វើឲ្យពួកគេពង្រីកបានទាំងសិទ្ធិសេរីភាព មុខមាត់របស់ខ្លួនកាន់តែខ្លាំងក្នុងផលិតកម្ម។
តារាចម្រៀង ឱក សុគន្ធកញ្ញា វិញនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីគេលេចចេញដំណឹងថា នាង ត្រៀមចូលរោងការជាមួយកូនប្រុសថៅកែផលិតកម្មហង្សមាសលោកអ៊ឹង សុខលី។ ចំណងស្នេហ៍នេះធ្លាប់បានលេចចេញជាយូណាស់មកហើយដែរពោលគឺក្រោយនាងបានបែកស្នេហ៍ជាមួយតន្ត្រីករលោក រ៉េត ធីដូណា ។ មានការលើកឡើងដែរថា ឱក សុគន្ធកញ្ញា ក៏គ្រោងដឹកដៃកូនប្រុសលោកថៅកែផលិតកម្មចូលរោងការនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ។
តារាចម្រៀង សាច់ខ្ចី សុខ ពិសីវិញ ធ្លាប់លេចចេញដំណឹងស្នេហា មួយនឹងលោក ឡាយ សុខចំរើនដែលជាកូនប្រុសថៅកែផលិតកម្មសាន់ដេ។ កន្លងមកនាងទទួលបានតំណែងជាតួឯកក្នុងផលិតកម្មខាងលើជាញឹកញាប់ បូករួមទាំងការសម្រិតសម្រាំងបទចម្រៀងថ្មីល្អសម្រាប់នាងផងដែរ។ មានការលើកឡើងថា ចំណងស្នេហាអ្នកទាំងពីរត្រូវបានឪពុកម្តាយទាំងសងខាងបានដឹងលឺហើយប៉ុន្តែ តារាចម្រៀងរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការនៅឡើយព្រោះតែនាងមិនចង់ធ្លាក់ចុះប្រជាប្រិយភាពក្រោយរៀបការ។
គេជឿជាក់នោះគឺទាំង ឱក សុគន្ធកញ្ញា និង សុខ ពិសីនឹងបន្តច្រៀងឲ្យផលិតកម្មដោយមិនមានកិច្ចសន្យាជាមួយនឹងការលើកស្ទួយខ្លាំងពីផលិតកម្ម៕
ដោយ៖ វឌ្ឍនា