ខេត្តកំពង់ធំ៖ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ “ ដែលជាទិសស្លោករបស់ក្រសួងទេសចរណ៍ ដាក់ចេញជាគោលនយោបាយចម្បង សម្រាប់ការអនុវត្តតំបន់សក្ដានុពលទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ហើយត្រូវបានមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនអនុវត្តយ៉ាងមានប្រសិទ្ធភាព និងយ៉ាងយកចិត្តទុកដាក់ ដែលអាចធ្វើឲ្យតំបន់សក្ដានុពលទេសចរណ៍មួយចំនួន ក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ទេសចរជាតិនិងអន្តរជាតិ មូលមីរទៅទស្សនាកម្សាន្ដយ៉ាងច្រើនកុះករ។
ដោយឡែកចំពោះតំបន់រមណីដ្ឋានភ្នំសន្ទុកវិញ ដែលពីដើមមកធ្លាប់ជារមណីដ្ឋានមួយ ដែលទេសចរជាច្រើននាំគ្នាទៅទស្សនា ដើម្បីមើលទេសភាពធម្មជាតិ និងដើរទស្សនាប្រាសាទបុរាណនានានៅជុំវិញតំបន់នោះ។ ប៉ុន្តែបច្ចុប្បន្នតំបន់នោះហាក់ធ្លាក់ចុះយ៉ាងគំហុកនៃទេសចរ ហើយបែរកើនឡើងនូវសំរាមរាយប៉ាយ និងភាពកខ្វក់គ្មានសណ្ដាប់ធ្នាប់ ដែលកើតឡើងព្រោះតែភាពមិនអើពើរបស់អាជ្ញាធរគ្រប់គ្រង។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានរិះគន់យ៉ាងចាស់ដៃ ទៅលើ លោក ប្រាក់ ប៊ុនអៀន ដែលជាអ្នកយក លុយចូលទស្សនា មន្ទីរទេសចរណ៍ខេត្ត ដែលមិនបានយកចិត្តទុកដាក់លើកិច្ចការងារថែរក្សាតំបន់នេះ ដោយបានបណ្តែតបណ្តោយវាសនារមណីយដ្ឋានភ្នំសន្ទុកឲ្យធ្លាក់ប្រជាប្រិយភាព ដោយសារតែភាពកខ្វក់ សំរាមរាយប៉ាយគ្មាន សណ្តាប់ធ្នាប់ ។
ពួកគាត់បានលើកឡើងថា រមណីយដ្ឋានភ្នំសន្ទុក គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ ពោពេញទៅដោយប្រវត្តិរឿងព្រេងជាច្រើន ដែលបង្កប់នូវភាពអាថកំបាំងរាប់មិនអស់ ដែលពួកគាត់បានចាត់ទុកថា ភ្នំសន្ទុកជាកន្លែងដែលមានបារមី មានបុណ្យ ហើយពួកគាត់តែងតែបន់ស្រន់សុំប៉ងឲ្យសម្រេចសេចក្តីប្រាថ្នាទាំងពួង ទាំងការងារតូចធំ ឲ្យជាសះស្បើយពីជំងឺជាដើម។ ប៉ុន្ដែមកដល់ពេលនេះ ទីនោះហាក់សាបរលាបនូវជំនឿទាំងនោះ ដោយសារតែទិដ្ឋភាពនៅរមណីយដ្ឋានភ្នំសន្ទុក ពោពេញទៅដោយក្លិនស្អុយ និងកាកសំណល់សំរាមពាសវាលពាសកាល គ្មានទីតាំងចោលសំរាមឲ្យបានត្រឹមត្រូវនោះឡើយ។ ជាពិសេសការសាងសង់តូបលក់ដែលគ្មានជួរគ្មានសណ្តាប់ធ្នាប់ មានក្មេងសុំ ទានប្រសេចប្រសាច និងភាពមិនអើពើរបស់ប្រធានមន្ទីរទេសចរណ៍ ព្រមទាំងអ្នកម៉ៅការរមណីយដ្ឋានភ្នំសន្ទុក ដែលអាចត្រឹមកុងត្រូវយកតែលុយក្នុងរថយន្ដមួយគ្រឿង២០០០រៀល តែមិនទទួលខុសត្រូវលើការថែរក្សាការពារ និងពុំមានការអភិវឌ្ឍ។
ឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា លោកធ្លាប់បាន ណែនាំដល់លោក ប្រាក់ ប៊ុនអៀន ដែលជាអ្នកម៉ៅការទទួលខុសត្រូវភ្នំសន្ទុកនេះជាច្រើនលើកច្រើនសារមកហើយ តែគាត់ហាក់ដូចជាមិនយកចិត្តទុកដាក់បន្ដិចណាសោះ។ ជាពិសេស ក្រុមអជីវករលក់បាយម្ហូប នៅទីនោះ ក៏មិនបានចូលរួមក្នុងការងារនេះទេ ដូចជានំចំណីនិងកាកសំណល់ដែលពួកគាត់បានលក់ដូរហើយនោះ គួរតែនាំគ្នាជីកដីកប់ មិនត្រូវចោលដោយគ្មានសណ្តាប់ធ្នាប់នោះទេ។
ទោះជាយ៉ាងណា លោកប្រធានមន្ទីបានបញ្ជាក់ថា រលោកនឹងណែនាំបន្ថែម និងចាត់វិធានការឲ្យបានតឹងរឹង ដើម្បីពង្រឹងលើការងារសំរាមនៅលើភ្នំសន្ទុកនេះទៀត។
ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋបានសំណូមពរឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក ប្រធានមន្ទីរទេសចរណ៍ ចាត់វិធានការឲ្យតឹងតែបំផុត យកល្អគួរតែផ្លាស់ប្តូរឈ្មោះប្រាក់ ប៊ុនអៀន ដែលជាអ្នកម៉ៅការរមណីដ្ឋានភ្នំសន្ទុក ឲ្យប្រគល់កិច្ចការនេះឲ្យទៅអ្នកម៉ៅការថ្មីទៅ ដោយសារតែដេញថ្លៃបានរាប់សិប ឆ្នាំមកហើយតែពុំមានការអភិវឌ្ឍន៍អ្វីទាំងអស់សូម្បីតែបន្តិច៕
ដោយ៖ វិបុល