ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ប្រភេទថ្មីទំនើប ត្រូវបានគេរាយការណ៍មកថា កំពុងកើតមានពាសពេញបឹងទន្លេសាបក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ហើយគេជឿជាក់មានការបង្ក្រាប ក្រោយពីផ្ទេរសម្រួលតំបន់គ្រប់គ្រងនាយនាយរងសង្កាត់រដ្ឋបាលជលផល ។
ប្រភពខាងលើបន្ដថា ឧបករណ៍នេសាទខុសច្បាប់ដោយប្រើឧបករណ៍ប្រភេទថ្មីទំនើប ដែលជនល្មើសដាក់ចាប់ត្រីតាមតំបន់នានាខាងលើ មានចំនួនរាប់ពាន់ខ្សែ មានប្រវែងរាប់រយគីឡូម៉ែត្រ ចាប់ត្រីចំរុះគ្រប់ប្រភេទ មិនថារដូវបើកនិងបិទនេសាទនោះទេ (ទឹកឡើងដល់ណាបទល្មើសប្រភេទនេះមានដល់ហ្នឹង ហើយទឹកស្រកដល់ណាល្មើសប្រភេទនេះមានដល់ហ្នឹងដែរ) គេពុំដែលឃើញសមត្ថកិច្ចជំនាញ ឬពាក់ព័ន្ធធ្វើការបង្ក្រាបជាផ្លូវការម្ដងណាឡើយ ដូច្នេះគេជឿជាក់ថា មានការបង្ក្រាបជាទ្រង់ទ្រាយធំក្រោយពេលផ្ទេរសម្រួលតំបន់គ្រប់គ្រង នាយ នាយរងសង្កាត់រដ្ឋបាលជលផលខេត្តពោធិ៍សាត់ ។
គួររំលឹកថា កាលពីព្រឹកម្សិលម៉ិញថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ស្ថិតក្នុងភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានការផ្ទេរសម្រួលភារកិច្ចតំបន់គ្រប់គ្រង នាយ នាយរងសង្កាត់រដ្ឋបាលជលផលចំនួន ៣ ៖ ១-លោក ភេម សុខុន ២-លោក សោម ឬទ្ធី បច្ចុប្បន្នជានាយនាយរងសង្កាត់រដ្ឋបាលជលផល កំពង់លួង ផ្ទេរសម្រួលភារកិច្ចជានាយរងសង្កាត់រដ្ឋបាលជលផលបាកានវិញ ៣-លោក ភុន វណ្ណា ៤-លោក ហម ណារិន បច្ចុប្បន្នជានាយនាយរងសង្កាត់រដ្ឋបាលជលផលបាកាន ផ្ទេរសម្រួលភារកិច្ចជានាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀងវិញ ចំណែកលោក ពិន វុទ្ធី ដែលគេអាំងអាងថា មានសមត្ថភាពការពារមេត្រីពូជតំបន់អភិរក្ស អតីត (ឡូត៍នេសាទលេខ៦ ) និងលោក សុខ រិន បច្ចុប្បន្ននាយនាយរងសង្កាត់រដ្ឋបាល ជលផលកណ្ដៀង ផ្ទេរសម្រួលភារកិច្ចជានាយនាយរងសង្កាត់រដ្ឋបាលជលផលកំពង់លួង ដូច្នេះការផ្ទេរសម្រួលនាយនាយរងសង្កាត់រដ្ឋបាលជលផលខាងលើ ទៅគ្រប់គ្រងតំបន់ផ្សេងៗ គេមិនដឹងថា មានការបង្ក្រាបជាទ្រង់ទ្រាយធំនោះទេ ឬមួយការបង្ក្រាបគ្រាន់តែឱ្យជនល្មើសនេសាទស្គាល់បែបគោះទឹកបង្អើលត្រីឱ្យរត់ចូលស៊ង ខណៈគេមិនទាន់ស្គាល់ចិត្តគ្នា ។
ព្រោះកន្លងមក គេឃើញមានការផ្ទេរសម្រួលប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលពីលោក ណៅ ធួក មកលោក អេង ជាសាន ប៉ុន្ដែលទ្ធផលគេឃើញដៀតែក្នូចដូចតែគ្នា ហើយករណីខាងលើនេះគេមិនជឿថា ជនប្រព្រឹត្តល្មើសខុសច្បាប់ស្ដីពីជលផលខាងលើ មិនខ្លាច់ច្បាប់នោះទេ? បើគ្មានការបើកភ្លើងខៀវពីមន្ដ្រីទាំងនោះ ដូច្នេះសូមអំពាវនាវដល់ថ្នាក់ដឹកនាំកំពូល របស់កម្ពុជាមានវិធានការជាបន្ទាន់ដើម្បីរក្សាធនធានជលផល ៕
ដោយ៖ ប៉ឹម ពិន