ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងព្រះគ្រូ គន្ធធុតង្គ សឿ ហេង ព្រះគ្រូចៅអធិការវត្តធុតង្គចំការដូង បានធ្វើពិធីចែកអំណោយជូនដល់លោកតា លោកយាយ ចាស់ជរា ចំនួនប្រមាណ ២០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ១ម៉ឺនរៀល និង ឃីត ១កញ្ចប់ (រួមមាន៖ មី ៥កញ្ចប់, តែ ៥កញ្ចប់, ស្ករស ១គីឡូក្រាម, ទឹកក្រូច ២កំប៉ុង, ទៀន ធូប…) កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ។
ព្រះគ្រូ គន្ធធុតង្គ សឿ ហេង ព្រះគ្រូចៅអធិការវត្តធុតង្គចំការដូង បានថ្លែងនូវការយកចិត្តទុកដាក់ និងការចេះជួយគ្នាទៅវិញទៅមក រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ពោល គឺវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយសារប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះទំនៀមទំលាប់ប្រពៃណីដ៏ល្អផូផង់របស់យើង គឺត្រូវថែរក្សាឲ្យបានស្ថិតស្ថេរ យ៉ាងណាម៉ិច ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ទើបបានបញ្ចប់ ហើយយើងបានធ្វើពិធីចែកអំណោយជូនដល់ ចាស់ជរា ប្រមាណ២០០នាក់ ក្នុងឱកាសនេះ ដើម្បីចែករំលែកកុសលផលបុណ្យ ដែលបានសាងកន្លងមកជាមួយគ្នា ។
លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណ ចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ចាស់ៗ ហើយតែងបានធ្វើពិធីចែកអំណោយជួនពួកគាត់ជារៀងរាល់ឆ្នាំ ។
លោកអភិបាលខណ្ឌដង្កោ ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ៕
...
ដោយ៖ ភារ៉ា ដង្កោ