ខេត្តកំពង់ចាម ៖ អណោចអធ័មពេកហើយ!! ហើយក៏មានកំហឹងក្នុងចិត្តផងដែរសម្រាប់មហាជនទូទៅ ចំពោះករណីបុរសជាឪពុកពរកូនអាយុ២ឆ្នាំកន្លះមកលោតទឹកពីលើស្ពានគីហ្សូណា ដោយមិនមានមូលហេតុអ្វីសោះក្រោយសម្មត្ថកិច្ចសួនាំ និងក្រោយកើតហេតុភ្លាមៗសម្មត្ថកិច្ច និងប្រជានេសាទជួយបានឪពុកចំណែកកូនប្រុសរាវរកមិនឃើញនោះទេ ។
ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើស្ពាន គីហ្សូណាចន្លោះបង្គោលលេខ១០ ទៅបង្គោលលេខ១១ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកអធិការនគរបាលក្រុងកំពង់ចាម រស់ ម៉ុងសេង បានប្រាប់ឲ្យដឹងថា បុរសជាឪពុក ឈ្មោះ ស៊ូ សានិត ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិទូលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើករថយន្តដឹកទឹកសុទ្ធ មកដល់លើស្ពានគីហ្សូណា ចុះអោបកូនប្រុសឈ្មោះ ស៊ូ ថានុ អាយុ ២ឆ្នាំកន្លះ លោតពីលើស្ពាន ចូលទៅក្នុងទឹកហើយត្រូវបានក្រុមអ្នកនេសាទសង្រ្គោះបានឪពុកចំណែកកូនរកមិនឃើញទេ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុដែលនាំឲ្យបុរសខាងលើធ្វើសកម្មភាពបែបនេះមិនត្រូវបានប្រពន្ធនិងក្រុមគ្រួសារដឹងមូលហេតុពិតប្រាកដនោះទេ ព្រោះមិនមានរឿងអ្វីជាមួយគ្នាមុនកើតហេតុ។ ឯបុរសនេះបានប្រាប់ស្មត្ថកិច្ចថា មូលហេតុដែលនាំឲ្យខ្លួនធ្វើបែបនេះព្រោះពេលដែលខ្លួនបើករថយន្តមកដល់លើស្ពានស្រាប់តែស្ពឹកៗមុខហើយក៏ឈប់រថយន្តហើយអោបកូនលោតចុះទឹកតែម្តង ?
ទាក់ទងនិងសកម្មភាពរបស់បុរសជាឪពុករូបនេះត្រូវបានសម្មត្ថកិច្ចនិងប្រជាពលរដ្ឋដែលដឹងហេតុការដាក់ការសង្ស័យថា គេអាចជាប់ពាក់ពន្ធ័និងសារធាតុញៀនហើយបែកថ្នាំ។
ករណីនេះបច្ចុប្បន្នសម្មត្ថកិច្ចកំពុងសហការជាមួយប្រពន្ធជនសង្ស័យនិងឪពុកម្តាយជនសង្ស័យ ថាតើគួប្តឹងឬអត់ ហើយបើមិនប្តឹងតើមូលហេតុអ្វី ព្រោះទង្វើនិងសកម្មភាពរបស់បុរសជាឪពុកខាងលើ បើមិនមានវិបត្តិអ្វីក្នុងគ្រួសារនោះទេ គឺជាសកម្មភាពល្មើសច្បាប់ (ឃាតកម្មដោយចេតនាទៅកូនប្រុសបង្កើតរបស់ខ្លួន)៕ វណ្ណៈ