ស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែបង្ករឲ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ពីសង្គ្រាមដែលអាចកើតឡើង គ្រប់ពេលវេលា ។ ការព្រួយបារម្ភ កើតឡើងខ្លាំងក្រោយពេលដែល កម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូង បានហ្វឹកហាត់ជម្លៀសពលរដ្ឋ មានរយៈពេល៥ថ្ងៃ ក្នុងនោះមានទាំងការជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក៏ដូចជាជួយសង្គ្រោះពលរដ្ឋដែលរងរបួសនៅក្នុងសង្គ្រាម។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សមយុទ្ធខាងលើមានឈ្មោះថា Courageous Channel គឺដើម្បីត្រៀមលក្ខណះជួយដល់ពលរដ្ឋ ភៀសខ្លួនឲ្យបានទាន់ពេលវេលាទៅកាន់តំបន់មានសុវត្ថិភាព។
នៅក្នុងការធ្វើសមយុទ្ធ នោះមានការជម្លៀស ជនបរទេសក្នុងនោះមានពលរដ្ឋអាមេរិក ទៅកាន់ទីតាំងទ័ពអាកាសរបស់អាមេរិកនៅក្នុងទឹកដីជប៉ុន តាមយន្តហោះ ដែលជាការជម្លៀសទៅយ៉ាងឆ្ងាយ។
ការជម្លៀងទៅឆ្ងាយឲ្យផុតពីទឹកដីកូរ៉េខាងត្បូង នោះ ត្រូវបានក្រុមអ្នកឯកទេសលើកឡើងថា ដោយសារតែនៅក្នុងទឹកដីកូរ៉េខាងត្បូង មិនមានតំបន់ណាមួយមានសុវត្ថិភាព គឺមានសង្គ្រាមផ្ទុះឡើង ។ សកម្មភាពសមយុទ្ធនោះកើតឡើងចំពេលដែលភាពតានតឹងរវាង អាមេរិកនិងកូរ៉េខាងជើងកាន់តែតាងតឹងហើយ មេដឹកនាំប្រទេសទាំងពីរតែងតែប្រកាសធ្វើសង្គ្រាម ជារៀងរហូតក្នុងរយៈពេលចុងក្រោយនេះ។
ក្នុងពេលជាមួយគ្នានេះ អាមេរិក បានត្រៀមលក្ខណះវាយប្រហារបរមាណូ ដោយ ដាក់យន្តហោះទម្លាក់គ្រាប់បែកបរមាណូ ត្រៀមលក្ខណះ ២៤/២៤ម៉ោង រងចាំបញ្ជាវាយប្រហារ។ កងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ក្នុងពេលបច្ចុប្បន្ននេះ កំពុងត្រៀមរៀបចំដាក់យន្តហោះទម្លាក់គ្រាប់ B-52 ផ្ទុកដោយគ្រាប់បែកនុយក្លេអ៊ែ ឲ្យប្រុងប្រៀបជាស្រេច ២៤ម៉ោង ដើម្បីធ្វើការហោះឡើងនៅពេលណាមួយ ពីមូលដ្ឋានទ័ពមួយ នៅរដ្ឋ Louisiana ដែលនេះគឺជាលើកទី១ ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក ។
យោងតាមប្រភពព័ត៌មាន ពីកាសែតអង់គ្លេស Mirror Online ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា មានការភ័យខ្លាចមួយថា សង្គ្រាមថ្មីមួយ អាចនឹងផ្ទុះឡើង ស្របពេលដែលប្រទេសកុម្មុយនិស្ត ឯកកោ ព្យាយាមធ្វើការអភិវឌ្ឍន៍ក្បាល គ្រាប់នុយក្លេអ៊ែ មានសមត្ថភាពវាយប្រហារ ដល់ទឹកដីសហរដ្ឋអាមេរិក ។
សូមជម្រាបផងដែរថា យន្តហោះទម្លាក់គ្រាប់ Boeing B-52 Stratofortress ដែលចាប់ផ្តើមប្រើការក្នុងឆ្នាំ១៩៥៥ តាមសេចក្តីរាយការណ៍ ត្រូវបានគេផលិតឡើង ដើម្បីឲ្យនាំយកអាវុធនុយក្លេអ៊ែ និងបម្រើការជាគ្រឿងរារាំងទប់ស្កាត់ ក្នុងសម័យសង្គ្រាមត្រជាក់ ហើយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយវែងនេះ ផ្ទុះអាវុធនុយក្លេអ៊ែ និងអាវុធធម្មតា ចំនួន៣១.៧៥១,៤៦៦គីឡូក្រាម ដែលរួមមានគ្រាប់បែក អាវុធវៃឆ្លាត គ្រាប់មីន និងមីស៊ីល។
នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក James Mattis នឹងធ្វើការពិភាក្សាគ្នា ជាមួយសម្ពន្ធមិត្តអាស៊ី ស្តីពីប្រទេសកូរ៉េខាងជើង និងវិបត្តិបង្កឡើងដោយការបង្កហេតុ ដោយគ្មានការពិចារណា របស់ទីក្រុងព្យុងយ៉ាង ស្របពេលដែលលោក បានចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេលមួយសប្ដាហ៍ មកតំបន់អាស៊ី នៅថ្ងៃចន្ទ ដើម្បីជួបថ្នាក់ដឹកនាំការពារជាតិ នៅក្នុងប្រទេសហ្វីលីពីន។
តាមការចុះផ្សាយរបស់កាសែតរ៉យទ័រ ដំណើរទស្សនកិច្ចមកកាន់អាស៊ី របស់លោក Mattis ដែលរួមបញ្ចូលទាំង ការឈាងចូលក្នុងប្រទេសថៃ និងកូរ៉េខាងត្បូង បានធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ មុនប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ី ជាលើកដំបូងរបស់លោក។
ហេតុការខាងលើកើតឡើង ក្រោយពេលដែលអាមេរិកនិងកូរ៉េខាងត្បូង ទើបតែបញ្ចប់ការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១៦ខែតុលារហូត ដល់ថ្ងៃទី២១ខែតុលា។ សមយុទ្ធរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិបថនៃភាពតានតឹងបច្ចុប្បន្នជាមួយកូរ៉េខាងជើងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលអាមេរិកនិងកូរ៉េខាងត្បូងទើបតែបញ្ចាប់ ការធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំ ដែលចាប់ផ្តើមឡើងកាលពីថ្ងៃទី១៦ខែតុលាដល់ថ្ងៃទី២២ខែតុលា ដោយមាន នាវាទាំងពីរប្រទេសចំនួន៤០គ្រឿងចូលរួម ក្នុងនោះក៏មាននាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងឈ្មោះ USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែរ -នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។
នៅក្នុងការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនេះ កូរ៉េខាងជើង បានចាត់ទុកថា ជាការហាត់សមសង្គ្រាម។ រីឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson វិញ កាលពីថ្ងៃអាទិត្យម្សិលមិញ បានខិតខំថ្លែងធានាអះអាងថា លោកDonald Trump បានស្នើសុំឲ្យរូបលោកប្រឹងប្រែងលើការទូតជាបន្តទៅមុខទៀតនៅក្នុងគោលដៅដើម្បីជួយកាត់បន្ថយភាពនូវតានតឹងជាមួយកូរ៉េខាងជើង។
គួររំលឹកថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធ្លាក់ចុះដុនដាបសារជាថ្មីនោះ ដោយសារតែកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកមួយចំនួននាពេលថ្មីៗកន្លងទៅនេះនិងការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរលើកទី៦ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣កញ្ញាមុន រួមទាំងសង្គ្រាមពាក្យសំដីរវាងប្រធានាធិបតីអាមេរិកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគឹមជុងអ៊ុន។
ថ្មីៗនេះ អ្នកតំណាងរាស្រ្តរបស់រុស្ស៊ីមួយរូបដែលទើបធ្វើដំណើរវិលត្រឡប់មកពីកូរ៉េខាងជើងនាខែនេះ បានថ្លែងអោយដឹងថា របបកូរ៉េខាងជើង កំពុងប្រុងប្រៀបធ្វើការបាញ់សាកល្បងមីស៊ីលមួយគ្រាប់ថ្មីទៀតដែលអាចបាញ់ទៅដល់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។
ចំពោះបញ្ហានេះ អ្នកទទូលខុសត្រូវរបស់កូរ៉េខាងត្បូង បានវាយតម្លៃថា គឺជាការបង្កហេតុថ្មីមួយទៀតដែលកូរ៉េខាងជើងអាច នឹងធ្វើឡើង នៅជួនចំពេលដែលគណបក្សកុម្មុយនិស្តចិន រៀបចំបើកសមាជបក្សលើកទី១៩របស់ខ្លួននៅថ្ងៃពុធខាងមុខនេះ៕
ដោយ៖ មែវ សាធី