ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុគន្ធ និសា នឹងចូលរោងការជាផ្លូវការហើយជាមួយអាណិកជនសម្បូរទ្រព្យម្នាក់នៅថ្ងៃឆ្លងឆ្នាំ២០១៧នេះ។ ការប្រកាសនេះធ្វើឡើងក្រោយផ្ទុះពាក្យចចាមអារ៉ាមថានាងភ្ជាប់ស្នេហ៍ជាមួយ នឹងផ្កាយ ៣ ដែលជា ឪពុករបស់កូនក្រុមនាងកន្លងមក។
តារាចម្រៀង សុគន្ធ និសា បានសារភាពថានឹងចូលរោងការនៅចុងឆ្នាំនេះ ប៉ុន្តែបុរសដែលជាគូអនាគតតារាស្រីស្រគត់ស្រគុំរូបនេះជាអ្នកណានោះទេ។ ប៉ុន្តែតាមការទម្លាយរបស់អ្នកសិល្បៈម្នាក់បានលើកឡើងថា នាងនឹងរៀបការជាមួយលោក សាំ បា ដែលជាអាណិកជននៅសហរដ្ឋអាមេរិក និងជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន Manulife នៅកម្ពុជា។ ប្រភពបន្តថា ហេតុផលនៃការចូលរោងការព្រោះតែតារាស្រីរូបនេះមានវ័យកាន់តែច្រើន ក៏ស្របពេលដែលអតីតគូស្នេហ៍គឺលោក សុខ ជំនោរ ចូលរោងការជាមួយនារីម្នាក់កាលពីថ្មីៗនេះផងដែរ។ ប្រភពបន្តថា សុគន្ធ និសា នឹងរៀបការថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧នេះ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែលភូកិត្រា ដែលការចំណាយគឺមិនធម្មតានោះដែរ។ ប្រភពលើកឡើងដែរថា នឹងមានភ្ញៀវជាអ្នកមានមុខមាត់ និងអ្នកសិល្បៈជាច្រើនចូលរួមព្រោះតែអនាគតស្វាមីនាងមានទំនាក់ទំនងខ្លាំងជាមួយអ្នកជំនួញធំៗក្នុងស្រុក ហើយសុគន្ធ និសាក៏រាប់អានអ្នកសិល្បៈច្រើនគួរសមផងដែរ។ មានការលើកឡើងដែរថា សុគន្ធ និសានឹងនៅតែបន្តការងារសិល្បៈដដែល ហើយក៏មានការលើកទឹកចិត្តពីអនាគតស្វាមីនាងដែរ។
គួរបញ្ជាក់ដែរថា ការប្រកាសគម្រោងរៀបការរបស់នាងក៏កើតមានឡើងទន្ទឹមគ្នានឹងដំណឹងចូលរោងការរបស់តារាចម្រៀងស្រីរួមដំបូង កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។ នាងចង់ចាប់ផ្តើមជីវិតគ្រួសារមួយក្រោយពីជំពប់ស្នេហ៍បុរសអាណិកជនខាងលើអស់មួយរយៈពេលធំ៕
ដោយ៖ វឌ្ឍនា