រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនKSRVបុករថយន្តដឹកសំរាមពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនKSRVបានបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីទ្រីពីក្រោយខណះកំពុងចតប្រមូលសំរាម បណ្តាលឲ្យរថយន្តដឹកអ្នកដំណើររងនូវការខូចខាតយ៉ាងដំណំ១ចំហៀងផ្នែកខាងស្តាំ។ ក្រោយកើតហេតុភ្លាមៗនោះ អ្នកបើកបរឃើញសភាពមិនស្រួលក៏រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧​​ ស្ថិតខាងកើតរង្វង់មូលខាមកូស៊ីធី ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
​កម្មកររើសសំរាមម្នាក់បាននិយាយថា ពួកគាត់បានឈប់រថយន្តសំរាមរបស់ខ្លួន និងបើកភ្លើងស៊ីញ៉ូត្រឹមត្រូវ។ នៅពេលដែលកំពុងប្រមូលសំរាមដាក់ឡានក៏ស្រាប់តែរថយន្តក្រុងបើកពីកើតមកយ៉ាងលឿនមិនប្រយ័ត្នក៏បុកពីក្រោយឡានសំរាមលាន់ដូចរន្ទះ ហើយឡានសំរាមនោះរំកិលជាង២០ម៉ែត្រទៅមុខ។
​កម្មករសំរាមដដែលបន្តថា សំណាងហើយពួកគាត់មិនឈរកើបសំរាមនៅពីក្រោយឡានសំរាមដូចសព្វដង ខំអីត្រូវស្លាប់យ៉ាង២ទៅ៣នាក់ដែរ។
​ដោយឡែកពលរដ្ឋម្នាក់បាននិយាយថា មូលហេតុភាគីឡានសំរាមបានចតលយគូទឡានចេញទៅថ្នល់ចូលតែក្បាលឡាន ធ្វើឲ្យផ្លូវតូចចង្អៀតបន្តិចទើបរថយន្តក្រុងនោះបុកចំផ្នែកខាងស្តាំទ្វារជ្រោះទ្វារបែកកញ្ចក់។
​សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា រថយន្តក្រុងពាក់ស្លាកលេខភ្នំពេញ3B-6967ហើយក្រោយធ្វើការវាស់វែងរួចរថយន្តទាំងពីរគ្រឿងនេះត្រូវបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទុកឱកាសឲ្យភាគីទាំងពីរចូលខ្លួនដោះស្រាយទៅតាមច្បាប់៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print