ខេត្តកំពង់ចាម ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត ក្នុងប្រតិបត្តិ ការចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើតេស្តស្វែងរក សារធាតុញៀនលើជនសង្ស័យ២នាក់ ជាលទ្ធផលឃើញថា អ្នកទាំង២មានផ្ទុកសារធាតុញៀនតាមរយៈការពិនិត្យទឹក នោម ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលរងការចាប់ខ្លួន
១-ឈ្មោះ ឃាង ឡៃ ហៅ ស្ម៉ី ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ និង២-ឈ្មោះ ស៊ាង រ៉ាវិន ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ជាលទ្ធផលនៃការធ្វើតេស្តទឹកម៉ូត បញ្ជាក់ថាអ្នកទាំង២នាក់ មានវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម) ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នេះហើយ កម្លាំងបានបន្តធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២១និង៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកងមាស និងកំពង់សៀម ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆន សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន៤៧កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធី ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ