ស្ថានភាពនយោបាយសន្តិសុខសំខាន់ៗនៅលើពិភពលោក១សប្តាហ៍កន្លងមក

ចែករំលែក៖

ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នេះ នៅលើពិភពលោកមានការប្រែប្រួលជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ មាននយោបាយ សន្តិសុខ និងភេរវកម្ម ។ ព្រឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតនោះគឺការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមនៅប្រទេសហ្ស៊ីមបាវេ និងការប្រឈមមុខតាន់តឹងនៅមជ្ឈិមបូព៌ា ។

ស្ថានភាពនយោបាយពិភពលោកៈ

នៅក្នុងសប្តាហ៍នេះព្រឹត្តិការណ៍ដែលចាប់អារម្មណ៍ជាងគេគឺ រដ្ឋប្រហារមិន បង្ហូរឈាម នៅក្នុងប្រទេសហ្ស៊ីមបាវេ បង្ខំឲ្យប្រធានាធិបតីវ័យ៩៣ឆ្នាំចុះចេញពី តំណែង។ ពេលដំបូង ប្រធានាធិបតី រ៉ូប៊ើត មូហ្គាបេ មិនព្រមចុះចេញនោះឡើយ ប៉ុន្តែ ក្រោយពេលដែលកម្លាំងយោធា អ្នកនយោ បាយ តំណាងរាស្ត្រ មកពីគណបក្សកាន់ អំណាច មន្ត្រីរាជការទាំងអស់ នឹងពលរដ្ឋទាមទារឲ្យលោកចុះចេញពីតំណែង បើ មិនដូច្នេះទេនឹងត្រូវដាក់ទោស រួចមក លោក មូហ្គាបេ បានប្រកាសលាលែង ពីតំណែង កាលពីថ្ងៃទី២១ខែវិច្ឆិកា ដោយលោកបញ្ជាក់ថា(ថ្នាក់ក្រោមបានក្បត់នឹងលោក)។

ពលរដ្ឋអឺរ៉ុបចង់ឲ្យបញ្ចប់ទណ្ឌកម្មលើរុស្ស៊ីៈ

ភាគច្រើនពលរដ្ឋនៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់និងបារាំង មានបំណងចង់ឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងសហគមន៍អឺរ៉ុបមានភាពល្អប្រសើរនឹងគ្នាឡើងវិញ ក្នុងរយៈ ពេលដ៏ ខ្លីខាងមុខ។ ទាំងនោះជាលទ្ធផលនៃការស្ទង់មតិរបស់បណ្តាញព័ត៌មាន sputnik របស់រុស្ស៊ីសហការជាមួយក្រុម ហ៊ុន IFOP របស់បារាំង ដែលបានប្រកាស កាលពីថ្ងៃ ទី២៤ ខែវិច្ឆិកា។

តាមលទ្ធផលស្ទង់មតិ បានឲ្យដឹងថា មានពលរដ្ឋដល់ទៅ៨៧ភាគរយនៅប្រទេសអាល្លឺម៉ង់ចង់ឲ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ចំណែកនៅប៉ូឡូញ មាន៨៥ភាគរយ រីឯនៅបារាំង និងអង់គ្លេស មាន៧៩និង៦៨ ភាគរយ។ ទាំងនោះបានបង្ហាញឲ្យឃើញ ថា ពលរដ្ឋនៅក្នុងប្រទេសសំខាន់ៗរបស់ អឺរ៉ុបមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នា រវាងអឺរ៉ុបនឹងរុស្ស៊ីនោះឡើយ ។

ទំនាក់ទំនងរវាងរុស្ស៊ីនឹងអឺរ៉ុបប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលរុស្ស៊ីដាក់ តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤។ ក្រោយមកទៀតគឺសង្គ្រាមទាមទារផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយរុស្ស៊ីបានគាំទ្រក្រុមបះបោរផងដែរ។

រុស្ស៊ីចោទប្រកាន់អាមេរិកមានចេតនា រក្សាភាពតានតឹងនៅឧបទ្វីបកូរ៉េដើម្បីបញ្ជូនអាវុធទៅអាស៊ីភាគខាងកើតៈ

នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកតារ៉ូ កូណូ កាលពី ថ្ងៃទី២៤ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សឺហ្គេយ៍ ឡាវរ៉ូវ បានបង្ហាញក្តី បារម្ភថា អាមេរិកកំពុងតែប្រើប្រាស់កូរ៉េខាងជើងដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលការពារ នៅប្រទេសកូរ៉េខាងត្បូង និង ជប៉ុន។

លោកឡាវរ៉ូវ បញ្ជាក់ថា«យើងព្រួយ បារម្ភយ៉ាងខ្លាំងនៅពេលដែល ជប៉ុននិង កូរ៉េខាងត្បូងក្លាយទៅជាទីតាំងដែលអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារ នៅជុំវិញ ពិភពលោក ដោយយកលេសកូរ៉េខាង ជើង។ យើងមិនមានបញ្ហាអ្វីជាមួយជប៉ុនហើយយើងក៏មិនឃើញថាជប៉ុនកំពុងរងការគំរាមកំហែងនោះដែរ ដោយឃើញតែការបង្កើនអាវុធរបស់អាមេរិកនៅលើទឹកដីនេះក៏ដូចជានៅជុំវិញពិភពលោក»។

មីយ៉ាន់ម៉ានិងបង់ក្លាដែស ព្រមព្រៀង បញ្ជូនជនភៀសខ្លួនវិលត្រឡប់មកកាន់ទីកន្លែងដើមវិញៈ

ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសបានឈានដល់កិច្ចព្រមព្រៀង លើបញ្ហាជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្រោយពេលសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំងនោះមក។ នៅពេលនេះប្រទេសទាំង២បានសម្រេចឲ្យជនភៀសខ្លួនធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ កន្លែងដើមធ្លាប់រស់នៅវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា “ការ រៀបចំឲ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនពីរដ្ឋរ៉ាឃីន” ត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ ម៉ា ដោយរដ្ឋមន្រ្តីការបរទេសបង់ក្លាដែសលោក Abul Hassan Mahmud Ali និង លោក Kyat Tint Swe រដ្ឋមន្រ្តីក្រសួង មហាផ្ទៃមីយ៉ាន់ម៉ា សម្រាប់ការិយាល័យ របស់ទីប្រឹក្សារដ្ឋ។

យោងតាមប្រភពជាផ្លូវការបានឲ្យដឹងថា ការចុះហត្ថលេខានេះ បានធ្វើឡើង បន្ទាប់ពីជំនួប មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍រវាងមេដឹកនាំភេរវជនអាលី នឹងមេដឹកនាំ មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និង កិច្ចពិភាក្សាចុងក្រោយរវាងភាគីទាំង២ កាលពីថ្ងៃពុធ។

អាមេរិកដាក់កូរ៉េខាងជើង ចូលជាប្រទេសគាំទ្រភេរវកម្មជាថ្មីៈ

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ការណ៍ដែល អាមេរិកដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីជាប្រទេសដែលគាំទ្រក្រុមភេរវកម្មជាថ្មីនោះ គឺធ្វើឲ្យស្ថានភាពកាន់តែតានតឹង មិនអាច ដោះស្រាយវិបត្តិនោះបានឡើយ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនបានធ្វើឲ្យភាពតានតឹងល្អប្រសើរនោះឡើយ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យមានភាពតានតឹង បន្ថែមជាងមុនទៀត។ ប៉ុន្តែនៅពេលនេះ ឱកាសនៃកិច្ចពិភាក្សាទ្វេភាគី និងពហុភាគី នៅតែមាន ដើម្បីធ្វើឲ្យស្ថានភាពល្អប្រសើរឡើងវិញ។

ការវិភាគខាងលើរបស់រុស្ស៊ី ធ្វើឡើងក្រោយពេលដែលអាមេរិកបានដាក់កូរ៉េ ខាងជើងចូលក្នុងបញ្ជីប្រទេសគាំទ្រក្រុមភេរវកម្ម និងដាក់ទណ្ឌកម្មបន្ថែមទៅលើ ទីក្រុងព្យុងយ៉ាង។

អំពីសន្តិសុខពិភពលោកៈ

ក្រុមភេរវកម្ម IS បង្កើនការវាយប្រហារនៅជុំវិញពិភពលោក ក្រោយពេល(បែក សំបុក)នៅអីុរ៉ាក់និងស៊ីរី ដោយក្រុមនេះ បានបើកការវាយប្រហារ ដាច់ដោយឡែក តាមបែប «ចចកឯកា» គឺឡើងគម្រោងនិង វាយប្រហារ ដោយខ្លួនឯង និងសម្ងាត់បំផុត ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅជុំវិញពិភពលោក។

ក្រុមភេរវកម្ម IS បានគំរាមវាយប្រហារ តំបន់អឺរ៉ុប ក្នុងឱកាស នៃពិធីបុណ្យ ណូ អែល ជិតមកដល់។ ក្រុម IS បានអំពាវ នាវ ដល់ខ្មាន់កាំភ្លើងរបស់ខ្លួនដែលមាននៅគ្រប់ទិសទីពិសេសគឺនៅអឺរ៉ុប បើកការវាយប្រហារនៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង… ក្នុងឱកាស បុណ្យសកល ខាងមុខ។

កន្លងមកថ្មីៗ ក្រុមIS បាន វាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំទៅលើសាសនិកដែលកំពុងតែធ្វើពិធីបន់ស្រន់នៅក្នុងព្រះ វិហារអ៊ិស្លាម Al Rawdh ក្នុងតំបន់ Biral Abedខេត្ត Sinaiសម្លាប់មនុស្សជាង ២៣០នាក់ និងជាង១២០នាក់រងរបួស។

បណ្តាញទូរទស្សន៍អេហ្ស៊ីបបានផ្សាយថា ប្រធានាធិបតី Abdel Fattah Al Sisi បានកោះប្រជុំមន្ត្រីសន្តិសុខចារកិច្ច និង ការពារជាតិជាបន្ទាន់ ក្រោយការវាយ ប្រហារខាងលើ។ ជាមួយគ្នានោះ រដ្ឋាភិ​ បាលបានប្រកាសកាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេស។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កង ទ័ពនៃប្រទេសអេហ្ស៊ីប បានប្រើប្រាស់យន្តហោះដើម្បីបំផ្លាញ ចោលនូវរថយន្តដែលត្រូវបានក្រុមឧទ្ទាមប្រើប្រាស់សម្រាប់ការវាយប្រហារនៅវិហារអ៊ិស្លាម Al-Rawda ស្ថិតនៅទីក្រុង Bir al-Abed។

*កូរ៉េខាងត្បូង អាចនឹងផ្អាកការធ្វើសមយុទ្ធរួមជាមួយអាមេរិកដើម្បីបញ្ចប់ភាព តានតឹងនៅឧបទីបកូរ៉េ ដោយកូរ៉េខាងត្បូងកំពុងពិចារណាឈប់ធ្វើសមយុទ្ធរួមជា មួយអាមេរិក នៅឆ្នាំក្រោយ នៅពេលដែល ការប្រកួតកីឡា រដូវរងាមកដល់ហើយត្រូវរៀបចំឡើងនៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការប្រឈមមុខតានតឹងដាក់គ្នា។

កូរ៉េខាងជើង តែងតែថ្កោលទោស ដល់កម្លាំងទាហានកូរ៉េខាងត្បូងនិងអាមេរិក ដែលធ្វើសមយុទ្ធរួមគ្នា ដោយចាត់ទុកថា ជាការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង ។ ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង មានសកម្មភាពយោធាតបតវិញ ដោយ បាញ់មីស៊ីល សាកល្បង ដែលជាសកម្មភាព កូរ៉េខាងជើង ចាត់ទុកថាជាការការពារខ្លួន ពីការឈ្លានពានរបស់អាមេរិក។

កីឡារដូវរងានឹងត្រូវធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់មកគឺមានកីឡា Paralympics (កីឡាអូឡាំពិកជនពិការ) ចាប់ ពីថ្ងៃទី៨ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print