ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវជម្លោះជាពាក្យសម្តីរវាងអ្នកសិល្បៈដូចគ្នាមួយរយៈកន្លងមក ស្រាប់តែពេលនេះគេបានឃើញសារទម្លាយ សារព្រមានធ្ងន់ៗរបស់ម៉េង កែវពេជ្ជតាទៅកាន់ ប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា។
តាមរយៈសារដ៏វែងអន្លាយប្រកបដោយឃ្លោងឃ្លាររំលេចពាក្យជាច្រើនហូរហែរ បង្ហោះនៅលើគណនីយបណ្តាញទំនាក់ទំនងសង្គម Facebook អ្នកនាង ម៉េង កែវពេជ្រតាអំពីមូលហេតុនៅពីក្រោយទំនាស់នេះ។ អ្នកនាងបានរិះគន់ប្រធានសមាគមសិល្បៈថា “មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ ( sic ) ដើរឈ្លោះស្ទើរមួយប្រទេស ។ មានតែអញ ។ លូកដៃតាំងពីរឿងកំប៉ុកកំប៉ុករហូតដល់រឿងនយោបាយខុសជំនាញ ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកបង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួមក្នុងនាមខ្លួនជាប្រធានសោះ យកចរិតនៅផ្ទះមកដឹកនាំ មិនដែលថាខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ និងខំកាយយករឿងផ្សេងទាំងមិនពិតមកបញ្ឈឺ ។ … សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួបតែភាពថោកទាបឆ្អាបស្អុយ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្ត៍ឈ្មោះសមាគមសិល្បៈនៅអនាគត ដ៏ខ្លីខាងមុខប៉ុណ្ណោះ” ។
ក្រៅពីរិះគន់សមាគមសិល្បករខ្មែររូបនេះអ្នកនាងម៉េង កែវពេជ្ជតាក៏ចោទប្រកាន់អ្នននាងចន ច័ន្ទលក្ខិណាដែរថា ជាអ្នកបំផ្លាញនិងសម្អុយឈ្មោះអ្នកនាង។ អ្នកនាងលើកឡើងដែរថា”... ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ ។ សាហាវ ! ម៉េច ឃើញខ្ញុំនៅតែឯង គិតថាខ្ញុំនេះងាយយកមកលេងសើចឬយ៉ាងម៉េច ? ចង់មានរឿងខ្លាំងណាស់មែនទេ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត ជាតិណាទើបឈប់ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង ? ខ្ញុំនិយាយពីស្អី អ្នកដឹងខ្លួនហើយ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ… ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ បន្ថយការងារខ្ញុំ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូនទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា សូម្បីសមាគមសិល្បៈអ្នកនាង ចន ច័ន្ទ នេះ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់ ? តើគេគួរមានទោសកម្រិតណា ? សូមបងប្អូនអានហើយពិចារណា និងផ្តល់ខមិនយុត្តិធម៌ខ្ញុំផង ។
គួរបញ្ជាក់ដែរថា ទំនាស់ជាពាក្យសម្តីនេះបានកើតឡើងក្រោយពីវេបសាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណាឈ្មោះ Dara News ( តារាញូស៍ )បានចេញផ្សាយព័ត៌មានថា”ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី” ដែលអ្នកនាងយល់ថាជាព័ត៌មានធ្វើឲ្យមហាជនមានការយល់ច្រឡំចំពោះរូបអ្នកនាងយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ វឌ្ឍនា