លោក ថោ ជេដ្ឋា បានដឹកនាំក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុកកងមាស ចុះជួយបូមទឹកបំពេញអាងទឹកបឹងកក់

ចែករំលែក៖

កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុកកងមាស ចុះជួយបូមទឹកបំពេញអាងទឹកបឹងកក់ ស្ថិតក្នុងភូមិសាស្ត្រឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ក្នុងការងារស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាកសិករ នាពេលខាងមុខ។

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា អាងទឹកបឹងកក់ ជាអាងភ្លិចទឹក ដែលទទួលរបបទឹកពីទន្លេមេគង្គ។ អាងទឹកនេះមានលទ្ធភាពស្តុកទឹកសម្រាប់បម្រើដល់ការងារស្រោចស្រពលើផ្ទៃដីស្រូវប្រាំង បានប្រមាណ ១.២៥០ ហិកតា របស់ប្រជាពលរដ្ឋចំនួន ៨៤១គ្រួសារ ។ លោករដ្ឋលេខាធិការ បានបន្តថា មកដល់ពេលនេះ ទឹកទន្លេបានស្រកផុតអាងហើយ ដោយបន្សល់ទឹកនៅក្នុងអាងប្រមាណជា ៣០ ភាគរយ ប៉ុណ្ណោះ ដូចនេះទាមទារឱ្យយើងធ្វើការបូមបន្តយកទឹកពីទន្លេដែលទើបនឹងស្រកផុត មកបំពេញបន្ថែម។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា ខណៈទឹកទន្លេមេគង្គចាប់ស្រកចុះ ប្រជាកសិករនៅតំបន់នេះ ក៏ចាប់ផ្តើមធ្វើស្រូវប្រាំងប្រដេញទឹកជាបណ្តើរៗ ដូចនេះយើងចាំបាច់ត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ០២គ្រឿង ដើម្បីបូមទម្លាក់បញ្ចូលអាង សម្រាប់បម្រើដល់ការងារស្រោចស្រពស្រូវប្រដេញទឹកដែលកំពុងដាំដុះផង និងការដាំដុះនាពេលខាងមុខផង។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដោយឡែកការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តកំពង់ចាម មកដល់ពេលនេះ សម្រេចបាន ៨៧.០៤២ ហិកតា ស្មើនឹង ១០០,៥៨ភាគរយ នៃផែនការ។ ទន្ទឹមនឹងនោះ យើងអាចនឹងជួបបញ្ហាតិចតួច ចំពោះផ្ទៃដីស្រូវវស្សាដែលប្រជាកសិករទើបតែធ្វើការដាំដុះនៅចុងរដូវ ប្រមាណ ៥.៦៥២ ហិកតា ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ បើសិនគ្មានភ្លៀងបន្តធ្លាក់ក្នុងរយៈ ១ ទៅ ២ សប្តាហ៍ទៅមុខ។ ចំពោះបញ្ហានេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីររបស់លោក ត្រូវចុះតាមដានជាប់ជាប្រចាំ និងប្រើប្រាស់ទឹកដែលយើងបម្រុងទុក តាមរយៈស្ថានីយ៍បូមទឹក ហ៊ុន សែន ព្រែកពោធិ៍ ទី៣០-៣១-៣២-៣៣ អន្តរាគមន៍សង្គ្រោះភ្លាមៗ ក្នុងករណីស្រូវវស្សាទាំងនោះទទួលរងផលប៉ះពាល់ នាពេលខាងមុខ។ 
    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print