ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចំកណ្តាលភូមិឈើទាល ឋិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បុរសដែលលង់ទឹកស្លាប់ ឈ្មោះ សុន ម៉ៅ អាយុ៥៧ឆ្នាំ ជាកសិកររស់នៅក្នុងភូមិកើតហេតុខាងលើ ។ តាមប្រភពព័ត៌មាន ពីស្រី ប៊ូ យីម អាយុ៥៣ឆ្នាំ ប្រពន្ធបុរសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ បានយកគោចំនួន៣ក្បាល ទៅឱ្យផឹកទឹកនៅក្នុងបឹងជិតផ្ទះប្រមាណ៣០ម៉ែត្រ នៅវេលាម៉ោងប្រមាណ១៨។
ប្រភពបន្តថា ជាធម្មតាប្តីរបស់គាត់បន្ទាប់ពីឱ្យគោផឹកទឹក និងលាងទឹកឱ្យគោរួចគាត់តែងតែលែងគោឱ្យមកផ្ទះមុនដោយគោគាត់ចាំនិងស្គាល់ផ្ទះ ហើយគាត់នៅងូតទឹកសំអាត ខ្លួននៅក្នុងបឹងជារៀងរាល់ថ្ងៃ តែថ្ងៃកើតហេតុ ឃើញគោឡើង មកពីបឹងដូចសព្វដង តែមិនឃើញម្ចាស់ទេ ប្រពន្ធនិកស្មានថា បី្តនៅមុជទឹកមិនរវល់ក៏ចាប់គោចងនៅក្នុងក្រោល ហើយទៅរាបចំបាយម្ហូបឱ្យកូននិងចាំប្តីមកហូបជុំគ្នា តែដោយបាត់ប្តីយូរពេកក៏ប្រើឱ្យកូនទៅហៅឪពុកមកបាយជុំគ្នា តែកូនទៅរកមើលឪពុកនៅកំ ពុងទឹកមិនឃើញក៏ត្រឡប់មកវិញប្រាប់ម្តាយថាអត់ឃើញពុកទេ ។
បន្ទាប់មកគាត់បានប្រាប់កូនដដែលឱ្យរកតាមឪពុកនៅផ្ទះអ្នកជិតខាង តែកូនដើរកនៅតែមិន ឃើញ ខណះនោះគាត់ជាប្រពន្ធមានការសង្ស័យហើយភ័យខ្លាចប្តីមានគ្រោះថ្នាក់ក៏ចាប់ផ្តើមហៅអ្នកជិតខាងឱ្យជួយចុះរាវនៅក្នុងទឹកបឹង ដោយសង្យ័យប្តីរបស់គាត់លង់ទឹក ខណះនោះអ្នកស្រុកបាននាំគ្នាមកចុះរាវនៅកន្លែងកំពង់ទឹកលាងគោ ជិត២ម៉ោង ក៏ប្រទះឃើញសពប្តី សុន ម៉ៅ កប់នៅក្នុងភូក ហើយដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ជុំវិញករណីបុរសវ័យចំណាស់លង់ទឹកស្លាប់មានការសនិដ្ឋានខុសៗគ្នាថា សង្ស័យបុរសខាងលើ ខ្យល់គ ឬរមួលក្រពើទើបបណ្តាលឱ្យលង់ទឹកស្លាប់បែបនេះ មួយទៀតសង្ស័យខ្លាចគោធាក់ ។ ការសន្និដ្ឋានទាំងនេះមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេ ដោយនគរបាលជំនាញ មិនទាន់បានធ្វើកោសល្យវិច័យនៅឡើយ ៕
ដោយ៖ ឡូ សំអាត