ខេត្តកំពង់ធំ ៖ លោក យ៉ាន់ វិសាក់ ហៅ សែ នាយផ្នែកជលផលផាត់សណ្តាយ កំពុងបង្កការ ថ្នាំងថ្នាក់ដល់ក្រុមអ្នកនេសាទគ្រប់លំដាប់ថ្នាក់ ដើម្បីស្រូបយកផលប្រយោជន៍ពីការនេសាទ តាមរយៈកៀបសង្កត់ជំរិតបង្ខំពួកគាត់បង់លុយលក្ខណៈពុករលួយចែកគ្នា រហូតធ្វើឲ្យពូកគាត់ រងនូវសម្ពាធធ្ងន់ទៅៗ បង្ខំចិត្តស្រែកថា លោកបានប្រើអំណាច តួនាទី ជំនាញតាមរបៀប «អារកខ្យងយកឈាម»។
ក្រុមអ្នកនេសាទបានលើកឡើងថា ពួកគាត់ចុកចាប់អត់ទ្រាំនឹងទង្វើរបស់លោក យ៉ាន់ វិសាក់ ហៅ សែ និងមិនអាចទទួលយកបានពីករណីប្រើរូបភាពឃាត់ទូករុញលៀសដែលមានជាង៧០ទូកតម្រូវបង់ឲ្យលោកយ៉ាន់ វិសាក់ ហៅ សែ នាយផ្នែកជលផលផាត់សណ្តាយ ក្នុង១ទូកត្រូវបង់៤០ម៉ឺនរៀល បើទូកណាមិនបង់ ច្បាស់ជាត្រូវទទួលបានការពិន័យជាលុយពី១លានកន្លះទៅ២លានរៀលជាមិនខាន ។
ពួកគាត់ថែមទាំងហ៊ានលើកឡើងទៀតថា លោក យ៉ាន់ វិសាក់ ហៅ សែ នាយផ្នែកជលផល ផាត់សណ្តាយ ពេលខ្លះគាត់ហ៊ានធ្វើទាំងបំពានច្បាប់ ដោយគ្មានភាពខ្មាសអៀន ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ខណៈគាត់កំពុងតែផឹកស៊ីសប្បាយ បែរជានាំគ្នាចេញមកចាប់ទូកអ្នក នេសាទ ដោយសម្លុត គំរាមកំហែង លើកពីហេតុផលផ្សេងៗមិនអាចទទួលយកបាន ក្នុងគោលបំណងឲ្យបង់លុយម្តងៗយ៉ាងតិចត្រឹម៤០ម៉ឺនរៀលក្នុងមួយទូក បើមិនបានត្រូវពិន័យលើសហ្នឹងទ្វេដង ។ មិនតែប៉ុណ្ណោះសកម្មភាពគាត់ហាក់គ្មានភាពច្បាស់លាស់ជាមន្ត្រីអនុវត្តច្បាប់ទាល់តែសោះ បែរជាប្រើរូបភាព ជំរិតបង់លុយ ធ្វើមើលតែអ្នកនេសាទទាំងនោះ ជាជនល្មើសពាក់ព័ន្ធនឹង បទព្រហ្មទណ្ឌ។
លោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គ្រប់គ្រងតាំងពីព្រំព្រទល់សៀមរាប រហូតដល់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។
គួរកត់សម្គាល់ថា ចំណែកបទល្មើសឆ្នុក និងរុញស៊ីប ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពនៅចំណុចឃុំពាមបាង បាឡត ពៅវើយ ដូនស្តើង អន្លុងតាឱន ក្នុងតំបន់ស្នូលទន្លេឆ្មា ឃុំពាមបាងនិងឃុំផាត់សណ្តាយជារៀងរាល់យប់ ។ សកម្មភាពទាំងនេះកំពុងគឃ្លើនផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាឲ្យ នាយសង្កាត់ នាយផ្នែក និងនាយខណ្ទរដ្ឋបាលជលផល រួមគ្នាទប់ស្កាត់ការពារមឆ្ឆាជាតិ ក្នុងដែនសមត្ថកិច្ច លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល មិនខ្ចីអើពើ អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសនេសាទ ដែលពោពេញទៅដោយភ្លើងឆ្នុកដូចបុណ្យកឋិន យ៉ាអនាធិបតេយ្យទៅវិញ ដើម្បីតែផលប្រយោជន៍បុគ្គលនិងបក្ខពួកតែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហាដែលជាក្តីកង្វល់របស់ក្រុមអ្នកនេសាទ ពួកគាត់ក៏បានសំណូមពរឲ្យលោក សុខ លូ គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ មិនគួរមើលរំលងពីអត្តចរិកលក្ខណៈបុគ្គលរបស់ លោក យ៉ាន់ សិវាក់ ពិតដូចការលើកឡើង ឬក៏បញ្ហានេះលេចឮដែរ តែមិនទាន់មានវិធានការដើម្បីកែទម្រង់នៅឡើយ? ៕ ជាយក្រុង