ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិកសិរ នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង១៦នាទីរសៀលសមត្ថកិច្ចចម្រុះ បាន អនុវត្តន៍នៃច្បាប់បទល្មើសព្រៃឈើ ទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដោយ បានបើកប្រតិបត្តការបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនឈើអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់តាមរថយន្តសាំយ៉ុងពេលនោះកម្លាំង បានដេញស្ទាក់ចាប់ឃាត់បានរថយន្តសាំយ៉ុងដឹកឈើក្រហមខុសច្បាប់ចំនួន៤គ្រឿង កន្លះៗរថយន្ត ដោយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចអ្នកធ្វើដំណើរផងដែរ នៅចំណុចផ្លូវប្រសព្វបំបែកជាបីអូរពងមាន់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
តាមការឱ្យដឹងពីលោក សំបូរិន្ទ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា លោកបានបើករថយន្តលើដងផ្លូវជាតិលេខ៩ ហើយក៏បានប្រទះឃើញរថយន្តសាំយ៉ុងចំនួន៤គ្រឿង បើកដឹកឈើចេញពីភូមិឆ្វាំងមកដោយបើកក្នុងល្បឿនលឿន ។ ខណៈ នោះលោកក៏បានបើករថយន្តដេញតាមពីក្រោយ ហើយក៏វាយ ភ្លើងសីុញ៉ូ ឱ្យឈប់ តែរថយន្តដឹកឈើខាងលើនោះមិនព្រមឈប់នោះទេ ។
លោកបានបន្តទៀតថា បន្ទាប់មកលោកក៏បានទូរស័ព្ទទៅសហការជាមួយកម្លាំងរបស់សមត្ថកិច្ចចម្រុះនៅតាមចំណុចគោលដៅ រួមនឹងកម្លាំងនៅក្នុងខេត្ត ដេញស្ទាក់ ទើបចាប់ឃាត់បានទាំងបួនគ្រឿងនៅចំណុចខាងលើនោះតែម្តង ។
លោកបានបញ្ជាក់ថាខណៈដែលចាប់ឃាត់រថយន្តដឹកឈើនោះបានហើយ ម្ចាស់រថយន្តបានរារាំងសមត្ថកិច្ចជំនាញ មិនព្រមឱ្យកូនសោរថយន្តនោះទេ ហើយនៅពេលនោះម្ចាស់រថយន្តក៏បានប្រទាញប្រទង់គ្នាជាមួយនឹងជំនាញមេព្រៃមួយសន្ទុះ តែដោយឃើញកម្លាំងរបស់សមត្ថកិច្ចមកច្រោងច្រាង ក៏បាននាំគ្នាយកកូនសោររថយន្តរត់គេចខ្លួនបាត់ទៅ។
លោកបានបញ្ជាក់បន្ថែមថា រថយន្តដែលចាប់បានខាងលើនោះមានចំនួន៤គ្រឿង ផ្ទុកឈើគ្រឿងផ្ទះកន្លះៗរថយន្ត ប្រភេទរថយន្តម៉ាកសាំងយ៉ុង ពណ៌សចំនួន២គ្រឿង ពាក់ស្លាកលេខភ្នំពេញ2AC 9528 និងស្លាកលេខមួយទៀត ភ្នំពេញ2Z 2730 ) ។ ចំណែករថយន្ត១គ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Z 5283 និង១គ្រឿងទៀតពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AD7970 ។
បច្ចុប្បន្នរថយន្តដឹកឈើចំនួន៤គ្រឿងខាងលើនោះត្រូវបានយកជាងធ្វើសោដើម្បីបញ្ឆេះយក ទៅរក្សាទុកនៅស្នាក់ការសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្ទឹងត្រែង។ចំណែករថយន្តប្រាំមួយគ្រឿងទៀតដែលដឹកសុទតែឈើឡាំងប្រាំបីជ្រុងនោះតែងតែដឹកទាំងកណ្តាលថ្ងៃជារៀងរាល់ថ្ងៃមិនខ្លាចនរណានោះទេ ។ តាមប្រភពពីមន្ត្រីសមត្ថកិច្ចលួចខ្សឹបប្រាប់ថាម្ចាស់ឈើនោះជានគបាលចរាចរ ទើបមកដល់កោលដៅធ្វើចរាចរណ៍អ្នកបើកបរបើកទៅយ៉ាងរលូន ។ ប៉ុន្តែសកម្មភាពនេះតែនៅថ្ងៃទី១៣ខែធ្នូនេះត្រូវបាន សមត្ថកិច្ចចម្រុះបង្ក្រាបបានហើយ ហើយក៏នាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើជាប់គល់ស្ពានសេកុង ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់របស់រដ្ឋបាលព្រៃឈើ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងមានទាំងឈើប្រណីត ឈើលេខ១ និងគ្រឿងផ្ទះ ដឹកចេញពីរស្រុកថាឡាបរិវ៉ាត់ និងដឹកចេញពីរស្រុកសៀមប៉ាងចូលមកកាន់ទីរួមខេត្តស្ទឹងត្រែង ។ ចំពោះឈើប្រណីតដឹកទៅកាន់ខេត្តរតនគីរីយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងមួយផ្នែកទៀតគេយកទៅសាងឲ្យមេឈ្មួញធំៗ នៅខេត្តក្រចេះដើម្បីបន្តយកទៅលក់នៅប្រទេសវៀតណាម តាមច្រក ត្រពាំងស្រែដោយមានមន្ត្រីកាំកុងត្រូលឃុបឃិតគ្នាជាមួយឈ្មួញ ទើបដំណើរការយ៉ាងរលូនយ៉ាងនេះ ។
ដោយឡែកក៏មានក្រុមឈ្មួញបានមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចខិលខូចមួយចំនួនបានបើកភ្លើងខៀវ ឱ្យមានការដឹកជញ្ជូនឈើក្តារងឿប្រភេទកកោះរួមនឹងឈើប្រណីតតាមទូកចុះពីស្រុកសៀមប៉ាងមកស្ទើរជារៀងរាល់យប់ ចូលនៅចំណុចភូមិស្តៅនិងមួយចំនួនទៀតទៅកាន់ខេត្តក្រចេះ ដើម្បីសាងដាក់រថយន្តផ្សេងនៅកំពង់ទូកកោះខ្ញែយ៉ាងរលូន។
សកម្មភាពបែបនេះប្រជាពល រដ្ឋបានស្នើសូមឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធក៏ដូចលោកខណៈអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាបនូវសកម្មភាពដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ តាមរថយន្តសាំយ៉ុង ឬរថយន្តសេរីទំនើបៗដូចជារថយន្តបាឡែន រថយន្តហាយឡែនដឺ ឡិចស៊ីស៤៧០ នឹងរថយន្តឡង់គ្រីស័រលួចបង្កប់ រួមនឹងដឹកតាមទូកផងដែរ ។ សមត្ថកិច្ចមួយណាថាមិនដឹងនោះ ព្រោះបច្ចុប្បន្ននេះមានមន្ត្រីថ្នាក់ក្រោមមួយចំនួន បានឃុបឃិតត្រូវដងត្រូវផ្លែជាមួយឈ្មួញយ៉ាងស្អិតល្មួតអស់ហើយទើបមិនបង្ក្រាប? ៕ មាស សុផាត