ខេត្តកណ្ដាលៈ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតលើផ្ទៃទឹកទន្លេមេគង្គក្នុងសភាពហើមរលួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ អាយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិបាក់ណាម ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកទន្លេមេគង្គ ភ្លាមនោះសមត្ថកិច្ចជំនាញនិងអជ្ញាធរស្រុកលើកដែកបានទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ព្រោះលើដងខ្លួនជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។
ក្រោយពីពិនិត្យចប់ សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕