ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញ ត្រៀមសាងសង់ ខ្សែរថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែ នៅកណ្តាល នៅជាយរាជធានីនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមការ កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត ។
នៅក្នុងកិច្ចប្រជុំ ដើម្បីបង្ហាញពីគម្រោងថ្មី មិនធ្លាប់មាន នេះ បាន បង្ហាញឡើងនៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារ បច្ចេកទេស ជាមួយក្រុមការងារអង្គការJICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជុំវិញការររៀបចំរថភ្លើងលើអាកាសAGT។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោងខ្សែរត់រថភ្លើងអាកាសនេះ មានប្រវែង១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។ លោកបន្ដថា៖ ការរៀបចំឲ្យមានខ្សែរត់រថភ្លើងលើអាកាស AGT លើ អាកាសនេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យម ជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរ សម្រាប់រាជធានីភ្នំពេញ៕
ដោយ៖សំរិត