នាវាមុជទឹក HMAS AE1គឺជានាវាមុជទឹក ដែលបានបាត់ខ្លួនដំបូងគេបង្អស់នៅលើពិភពលោក របស់កម្លាំងទាហានជើងទឹក អូស្ត្រាលីនៅក្នុងសង្គ្រាមលោកលើកទី១ ហើយក្រោយរយៈពេល១០៣ឆ្នាំ បាត់ខ្លួនដោយអាថ៍កាំបាំង ទីបំផុតក៏បានរកឃើញ។
នាវាមុជទឹក HMAS AE1បានបាត់ខ្លួន ដ៏អាថ៌កាំបាំងបំផុត នៅឆ្នាំ ១៩១៤ ដោយនៅក្នុងនាវានោះមាននាវឹក៣៥នាក់ជាជនជាតិ អង់គ្លេស និងជនជាតិអូស្ត្រលី ត្រូវបានរកឃើញនៅតំបន់សមុទ្រ ស្ថិតនៅកោះ Papua New Guinea ។
ជោគវាសនានៃនាវាមុជទឹក HMAS AE1ត្រូវបានចាត់ទុក ជាការបាត់ខ្លួនយូរបំផុត របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី។ ចាប់តាំងពីឆ្នាំ១៩១៤ មានការរ៉ុករក ១៣លើកផ្សេងគ្នា ដោយរកមិនឃើញសញ្ញាណាមួយនោះឡើយ។ តាមការបញ្ជាក់របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី បានបញ្ជាក់ថា បើទោះបីខិតខំស្វែងរក យូរប៉ុណ្ណោះនៅតែមិនអាចរកឃើញសញ្ញាណាមួយនោះឡើយ សូម្បីតែលេចប្រេងមកលើផ្ទៃសមុទ្រក៏គ្មានដែរ។
ជាភពសំណាង បំណែក(សាកសព)នាវាមុជទឹក HMAS AE1 ត្រូវបានរកឃើញក្រោយ១សប្តាហ៍ចាប់តាំងពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការក្រៅរដ្ឋាភិបាលបានផ្តល់ជំនួយបន្ថែមនៅក្នុងការ ស្វែង រកយន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ីបាត់ខ្លួនកាលពីឆ្នាំ២០១៤ គឺយន្តហោះ MH370 ។ ប៉ុន្តែការស្វែងរកយន្តហោះបែជាមិនឃើញទៅឃើញនាវាមុជទឹក HMAS AE1ទៅវិញ។
នាវាមុជទឹក HMAS AE1មានចំណុះ៨០០តោន ត្រូវបានរកឃើញនៅក្នុងជម្រៅ៣០០ម៉ែត្រក្រោមបាតសមុទ្រជិតកោះ Duke York ស្ថិតនៅប្រជុំកោះ Papua new Guinea។រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី Marise Payne នៅថ្ងៃទី២១ខែធ្នូ បានបញ្ចាក់ថា ពិតជាបានរកឃើញនាវាមុជទឹកបាត់ខ្លួនជាង១០០ឆ្នាំពិតប្រាកដមែន។ រដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីបញ្ជាក់ទៀតថា ការរកឃើញនេះគឺជារឿងមួយដ៏ល្អប្រសើរបំផុត អាចជួយឲ្យកូនចៅជាច្រើនជំនន់មានភាពស្ងប់ចិត្តក្រោយរកឃើញសាច់ញ្ញាត្តិ បាត់ខ្លួនតាំងពីជាង១០០ឆ្នាំមុន។
លោកស្រីរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីក៏បានបញ្ជាក់ផងដែរថា នឹងពិភាក្សាជាមួយរដ្ឋាភិបាល Papua new Guinea ក្នុងការកសាងស្តូប គោរព ទាហានដែលបានស្លាប់នៅទីនោះ។ នៅពេលនេះដែរកម្លាំងទាហានអូស្ត្រាលីបានគោរពវិញ្ញណ្ខន នាវឹកទាំង៣៥នាក់ជាជនជាតិអូស្ត្រាលីនិងជនជាតិអង់គ្លេសបានពលីជីវិត៕
ដោយ៖ មែវ សាធី