ភ្លើងបានឆាបឆេះបា និងខារ៉ាអូខេមួយកន្លែងនៅក្នុងទីក្រុង Manado ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ បណ្តាលឲ្យស្លាប់មនុស្ស១៧នាក់ និង៧៣នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។
លោក Max Tatahede ប្រធានគ្រប់គ្រងមហន្តរាយរបស់ឥណ្ឌូនេស៊ីបានថ្លែងថា អគ្គិភ័យបានចាប់ផ្តើមឆេះនៅវេលាម៉ោង១រំលងអធ្រាត្រ ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៥ ខែតុលា ស្ថិតនៅជាន់ទីពីរទីតាំងកម្សាន្ត បា និងខារ៉ាអូខេ តាមបណ្តោយផ្លូវ Boulevard ។
ជនរងគ្រោះបានជាប់គាំងនៅជាន់ទី២ និងជាន់ទីបីនៃអគារកម្សាន្តនេះ ប៉ុន្តែនៅជាន់ទី៣រងគ្រោះជាន់ជាងគេ។ ជនរងគ្រោះបានបាត់បង់ជីវិតដោយសារតែការថប់ដង្ហើម ។ អាជ្ញាធរនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើងនៅឡើយទេ ។ ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត