ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ដឡិចស៊ីស RX300 បើកលឿនដូចហោះរេចង្កូតបុកដើមឈើ ខ្ទៀតមកក្រោយវិញបណ្ដាលឱ្យស្លាប់ ២នាក់ របួសធ្ងន់ ២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ កើតឡើងកាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាតផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥ លេខ២០៦ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពត៌មានពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ទី១-ឈ្មោះ លឹម សៅធូ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិអន្សរក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ ស្រី ល័ក្ខ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិលលកសថ្មី សង្កាត់លលកស ក្រុង.ខេត្ត និងអ្នករងរបួសធ្ងន់ទី១-ឈ្មោះ អ៊ូច សុខុម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ បង នីតា ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិ សានសុខ ឃុំ.ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពបន្ដទៀតថា រថយន្ដបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-4612 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ពីលើផ្លូវជាតិលេខ ៥ ជ្រុលទៅបុកដើមគរ ប៉ើងត្រឡប់មកលើផ្លូវជាតិលេខ៥ វិញបណ្ដាលឱ្យស្លាប់ និងរបួសរណូករណេលតែម្ដង ចំណែករថយន្ដបង្ករងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរគេចខ្លួនបាត់ ចំពោះវត្ថុតាងរថយន្ដបង្កត្រូវបាន យកទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន