ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនមុខសញ្ញាជាឃាតក ម្នាក់ តាមអំណាចដីកា បង្គាប់លេខ២១៣ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ឲ្យឃាត់ខ្លួនជនសង្ស័យរូបនេះដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លោកគឹម ហេង ។
ការឃាត់ខ្លួនមុខសញ្ញាជាឃាតក ម្នាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាលស្រុកកំរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៉ីង សារី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ រួចគេចខ្លួនបាត់ មកសម្ងំលាក់ខ្លួននៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង ទើបកម្លាំងជំនាញសមត្ថកិច្ចស្រាវជ្រាវដឹងឈានដល់ឃាត់ខ្លួនឃាតករខាងលើនេះបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត៕
ដោយ៖ សហការី