ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ខណៈដែលក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូសិស្សសាលាម្នាក់ដោយប្រដាប់ដោយអាវុធភ្ជង់គម្រាម ។
ករណីបង្ក្រាបចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្សត៏ ១១កើត ខែបុស្សនព្វសក័្ត ព.ស២៥៦១ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិរការធំ ឃុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបច្ចុប្បន្ន ផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំ(ខ្លួនជាមេក្លោងធ្វើសកម្មភាព ហើយក៍ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយះពេល៣ឆ្នាំ) រីឯជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនទី១-ឈ្មោះ គុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី២-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ។
ចំណែកជនរងគ្រោះឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A មានទីលំនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ អាវុធខ្លី១ដើម ម៉ាកK៥៩ ក្រូមេពណ៌សរ លេខ០៧៥៧ ,បងចំនួន១
និងគ្រប់ចំនួន៨ ,ម៉ូតូមួយគ្រឿងម៉ាកEXCITER ពណ៌សរលាយក្រហម ១គ្រឿង ស៊េរីឆ្នាំ២០១៥លេខតួFY០៨៨៧៩១ លេខម៉ាស៊ីន១០០២៤៨ (របស់ជនរងគ្រោះយកបានវិញ) និងទូរសព្ទ័ដៃ១គ្រឿងផងដែរ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកើតហេតុជនរងគ្រោះឈ្មោះសាន ណារ៉ាត់ បានជិះម៉ូតូទៅផ្ទះមិត្តភក្តិនៅភូមិកើតហេតុ ខណៈជិះទៅជិតដល់ស្រាប់តែមានក្រុមជនសង្ស័យ៣នាក់ឌុបគ្នា ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មកទន្ទឹមជនរងគ្រោះ រួចបានបញ្ជាឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិនឈប់ ភ្លាមនោះជនសង្ស័យក៏បង្កើនល្បឿនទៅឈប់ពីមុខម៉ូតូជនរងគ្រោះ រួចចុះពីលើម៉ូតូដកកាំភ្លើងខ្លីភ្ជុងមកលើជនរងគ្រោះយកម៉ូតូជិះរត់គេចខ្លួនទៅទិសខាងជើង ចូលក្នុងដែនរាជធានីភ្នំពេញ ។
ក្រោយពីធ្វើសកម្មភាពរួច សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានទទួលព័ត៌មានភ្លាមនោះ ក៏បានសហការជាមួយកម្លាំនគរបាលរាជធានីភ្នំពេញ ចុះធ្វើការពួនស្ទាក់ឡោមព័ន្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះ ជិន លាប នៅសង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនជាម្ចាស់កាំភ្លើងហើយខ្លួនបានបបួលឈ្មោះ គង់និងជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះចេញធ្វើសមក្មភាពប្លន់ តែត្រូវសមត្ថកិច្ចចាប់បានតែម្ដង ៕ស្អាងជ័យ