ទោះគេចយ៉ាងណាមិនអាចផុតពីសំណាញ់ច្បាប់បានឡើយ​ នគរបាលខេត្ត​ត្បូងឃ្មុំ​បំបែកសំណុំរឿងឃាតកម្មសម្លាប់ប្តី​ប្រពន្ធនៅស្រុកក្រូចឆ្មា​ ទទួលបានជោគជ័យ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ មេខ្លោងក្នុងអំពើ​ឃាតកម្ម​ និងជាជនទី៣​ ក្នុង​ការសម្លាប់ប្តីប្រពន្ធ​នៅស្រុកក្រូចឆ្មា​ ត្រូវបានកម្លាំង​សមត្ថកិច្ច​ខេត្តត្បូង​ឃ្មុំ​ ដែល​ជាម្ចាស់ករណី​ សហការជាមួយ​សមត្ថកិច្ចខេត្តបាត់ដំបង​ និងខេត្ត​ប៉ៃលិន​ចាប់បានហើយ​ ។

លោកឧត្តមសេនីយ៏ត្រី ប្រាក់ ប៊ុនណុន ស្នងការរងផែន​ព្រហ្មទណ្ឌបានប្រាប់​អង្គភាព​នគរដ្រេហ្គននៅរសៀល​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៧ឱ្យ​ដឹងថា​ ជនសង្ស័យ​ដែលជាមេខ្លោង​ឈ្មោះ អុី សារី(​ទើបនិងដោះលែងពីពន្ធនាគារ) ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រម៉ាញ់ និងចាប់ខ្លួនបាន​នៅ​វេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃព្រហស្សត៏ ១១កើត ខែបុស្សនព្វសក័្ត ព.ស២៥៦១ត្រូវនិងថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិទី១៨ ឃុំ-ស្រុក​កំរៀង ខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៏ត្រី ប្រាក់ ប៊ុនណុនបន្តថា​ ប្រតិបត្តិការ​នេះ​ ជំហានដំបូងកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកដឹកនាំដោយលោកផ្ទាល់​ ដោយ​មានការចង្អុលបង្ហាញពី​ លោកឧត្តមសេនីយ៏ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បាន​បើកករណីស៊ើបអង្កេត និងតាមចាប់ខ្លួនឃាតក២នាក់​ ក្នុង​ចំណោម៣នាក់ កាលពី​ថ្ងៃ​ទី២៩​ ខែតុលា​ ឆ្នាំ​២០១៧​ និងឈ្មោះ អុី សារី​ ជាមេខ្លោងចុងក្រោយ​។

លោក​បញ្ជាក់ថា​ ក្នុងការបំបែកសំណុំរឿងនេះទទួលបានជោគជ័យ​ ដោយមានកិច្ចសហប្រតិ​បត្តិការពីសមត្ថកិច្ច​នគរ​ បាលខេត្តបាត់ដំបង​ និងខេត្ត​ប៉ៃលិន​ ពិសេសនាយកដ្ឋាន បច្ចេកទេសស៊ើបការក្រៅនៃអគ្គស្នងការនគរបាលជាតិ​ ដែលបានជួយឧបត្ថម្ភទាំងស្មារតី បច្ចេកទេស ។

គួររំឭកវិញថា​ អំពើ​ឃាតកម្ម​នេះបានកើតនៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយប្តីប្រពន្ធ២នាក់ស្លាប់បាត់បង់ជិវិត ។

បច្ចុប្បន្នជនសង្ស័យ​ ដែលជាមេខ្លោងចុងក្រោយនេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តត្បូង​រៀបចំកសាងសំណុំរឿងបញ្ជូន​ បន្តទៅតុលាការ​ដើម្បី​ផ្តន្ទាទោសតាមច្បាប់​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print